ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានកំណត់តម្លៃខ្លួនលក់ខ្សែបម្រើ Gini Wijnaldum ចំនួន ១៥ លានផោន ឱ្យទៅក្លិប Barcelona។
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចុះផ្សាយថា លោក Ronald Koeman គ្រូបង្វឹកថ្មីរបស់ Barcelona មានបំណងនាំយកខ្សែបម្រើសញ្ជាតិហូឡង់ខាងលើមកកាន់ទឹកដី Nou Camp នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ស្របពេលដែល Wijnaldum កំពុងចង់ចាកចេញពីហង្សក្រហមផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មី ខណៈដែលគេនៅសល់កិច្ចសន្យាប្រហែល ១២ ខែទៀតជាមួយនឹងក្លិប Liverpool។
យ៉ាងណាមិញ Barcelona ហាក់មិនចង់ចំណាយប្រាក់ច្រើនលើខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះទេ ពោលគឺពួកគេមានបំណងចាយត្រឹម ១០ លានផោនប៉ុណ្ណោះ ខណៈពេលដែល Liverpool ចង់ឱ្យកីឡាកររូបនេះចាកចេញក្នុងតម្លៃ ១៥ លានផោនឯណោះ។ មែនទែនទៅ Liverpool ក៏មិនចង់ទុក Wijnaldum ឱ្យបន្តនៅជាមួយក្លិបទៀតដែរ ដោយសារតែពួកគេបានសម្លឹងឃើញខ្សែបម្រើចំណូលថ្មីម្នាក់ គឺកីឡាករ Thiago Alcantara របស់ក្លិប Bayern Munich ដែលបច្ចុប្បន្នក្លិបកំពុងចរចារឿងតម្លៃខ្លួនផ្ទេរមកក្នុងរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ mirror