រាជធានីភ្នំពេញ ៖ ស្របពេលដែលជីវិតស្នេហារវាងអ្នកនាងទូច ស្រីលក្ខណ៍ និងស្វាមីបរទេស បានខ្វែងផ្លូវគ្នា ហើយមានមនុស្សភាគច្រើនយល់ថា ស្វាមីនាងមានស្រីថ្មី និង ឈប់យកចិត្តទុកដាក់លើប្រពន្ធ និងកូន។ ឯអ្នកនាង ទូច ស្រីលក្ខណ៍វិញ បានបង្ហាញភាពឈឺចាប់ យំយែក រហូតលើឆាកតន្ត្រី។
យ៉ាងណា ពេលនេះស្រាប់តែផ្ទុះឡើងនូវរឿងរ៉ាវថ្មីៗដែលអតីតស្វាមី ទូច ស្រីលក្ខណ៍ លោក Morten Kvammen បានចេញលិខិតស្រាយបំភ្លឺក្តៅៗឱ្យសារធារណជនបានដឹងដើមចមឱ្យច្បាស់វិញម្តង។
មហាជនបានដឹងថា ទូច ស្រីលក្ខណ៍ កំពុងតែទទួលបានភាពកក់ក្តៅចិត្តត្រឡប់មកវិញ ក្រោយពេលដែលអ្នកនាងរកបានអ្នកស្អំចិត្ត បុរសវ័យក្មេងរាងសាច់ដុំម្នាក់ ជាគ្រូហាត់សាច់ដុំធ្វើជាគូស្នេហ៍។ ម្នាក់ៗបានដឹងថា ស្រីលក្ខណ៍ អាចនឹងមានវិបត្តិស្នេហ៍ ឈឺផ្សារក្រោយពេលជីវិតស្នេហ៍ក្រោមផ្កាស្លាមិនសមប្រកប។ គេអាណិតនាងច្រើនគ្នាណាស់នៅពេលជួបរឿងបែបនេះ។
យ៉ាងណា ផ្ទាំងអាថ៌កំបាំងបានទាញបំបែក ក្រោយពេលអតីតស្វាមីរបស់ ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទយ៉ាងវែងគួរសមពាក់ព័ន្ធការដើរដល់ផ្លូវបំបែក ដែលអ្នកណាៗមិននឹកស្មានថា ទៅជាបែបនេះឡើយ។
នៅក្នុងលិខិតនោះ បកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមី ទូច ស្រីលក្ខណ៍ លើកឡើងថា នាងព្យាយាមមិនឱ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឱ្យនាងបានរស់នៅសព្វថ្ងៃ។ ក្នុងលិខិតបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នាជាមួយបុរសសាច់ដុំដូចក្នុងរូបនោះតាំងពីអំឡុង ខែ១២ ឆ្នាំ២០១៩មក។ ពោលគឺក្នុងពេលដំណឹងលែងលះមិនទាន់បានដឹងឮ ។
លិខិតដដែល សរសេរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ធ និងកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែក លើឆាកតន្ត្រី ដើម្បីកាន់តែឱ្យគេមើលឃើញលោកថា ជាភាគីមិនល្អ។
មកទល់ពេលនេះ ទូច ស្រីលក្ខណ៍ មិនទាន់ដឹងថា នាងតបមកវិញ ឬបង្ហាញប្រតិកម្មយ៉ាងណា ចំពោះការបែកធ្លាយលិខិតស្រាយបំភ្លឺទាំងនេះឡើយ។ អតីតស្វាមីនោះដែលដឹងថា ធ្វើជំនួញលើកទៀតថា ការដែលនាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មី និងចង់បែកបាក់ជាមួយលោកមុន ទើបក្លាយជាមូលហេតុនៃការប្រេះឆា។