រាជធានីភ្នំពេញ៖ តារាសម្តែងប្រុស និងជាពិធីករមានកេរ្តិ៍ឈ្មោះល្បីមួយដួង ដែលកន្លងមកធ្លាប់មានបញ្ហាសេ្នហាប្រេះឆាជាមួយនឹងកូនស្រីថៅកែផលិតកម្មភាពយន្ត លោក ប៉ែន ចំរុង បានបង្ហោះសារឡើងផ្អែមល្អែម ក្រោយពីបានឃើញមុខកូនស្រីទើបនឹងកើត ដែលជាចំណងដៃជាមួយនឹងភរិយាក្រោយរបស់ខ្លួន ធ្វើអោយមហាជនចូលរួមអបអរសាទរនឹងសប្បាយចិត្តជំនួសលោក ខណៈភរិយារបស់លោកក៏មានសុខភាពល្អក្រោយសម្រាល ចំណែកកូនស្រីទើបនឹងកើតនេះទៀតសោតក៏មានមុខមាត់ស្រស់ស្អាត និងមានសុខភាពល្អ។
គ្រាន់តែឃើញ ភរិយាសម្រាលកូនស្រីជាទីស្រលាញ់រួចមក មហាជនសង្កេតឃើញថា លោក ប៉ែន ចំរុង សប្បាយចិត្តខ្លាំងរហូតធ្វើអោយលោកបង្ហោះសារសរសើរកូនស្រី ជាមួយនឹងរូបថតចំនួន៤សន្លឹកតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា « ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណៈ មានសុខភាពល្អ ហើយមិនធ្វើអោយម៉ាក់ពិបាកយូរ»។
យ៉ាងណាមិញ ក្រោយពីកូនស្រីរបស់លោក ប៉ែន ចំរុង និងភរិយា ដែលមានឈ្មោះ ប៉ែលឡា សម្រាលបានមិនទាន់បាន ១ថ្ងៃផង ស្រាប់តែមហាជនសរសើរមិនដាច់ពីមាត់ថា មុខមាត់កូនស្រីគួរឲ្យខ្នាញ់ ជាពិសេសនោះច្រមុះ គឺថាស្រួចខ្លាំងតែម្តង។
គួរបញ្ចាក់ផងដែរថា លោក ប៉ែន ចំរុងទើបតែទទួលបានសមាជិកថ្មីកាលពីពេលថ្មីៗ ក្រោយពីលោកបានសម្រេចចិត្តរៀបការកសាងគ្រួសារថ្មីជាមួយនឹងនារី ក្រៅរង្វង់សិល្បៈម្នាក់៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព