ស្រីស្អាតកម្ពុជាបង្ហាញភាពក្លាហានក្នុងឈុតប្រពៃណី និងប៊ីគីនីលើឆាក Miss Grand Cambodia
ការបង្ហាញខ្លួនរបស់បវរកញ្ញាកម្ពុជា ប្រមាណ២៨រូបកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឱ្យកក្រើកតែម្តង។ ស្រីស្អាតកម្ពុជា ជាច្រើនដួងពិតជាក្លាហានណាស់ ដែលបញ្ជាក់ថា ប្រទេសយើងកំពុងសម្បូរដោយធនធាន និងរីកចម្រើនគ្រប់ផ្នែក។ ពិសេសមហាជន បានលើកសរសើរដល់បវរកញ្ញា ទាំងនោះពិតជាធ្វើបានល្អការបង្ហាញខ្លួនលើកទី២ ដើម្បីរកឱ្យឃើញនារីណាឆ្លាត ពូកែ ឆ្ពោះទៅឆាកអន្តរជាតិ។
បើទោះជាមានការរិះគន់ខ្លះលើការស្លៀកឈុតហែលទឹកនៅក្នុងការប្រកួតសន្សំពិន្ទុរបស់ Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី4 កញ្ញា 2020 ក្រោមការរៀបចំរបស់ក្រុមហ៊ុន មហាហង្ស ក៏បេក្ខនារីទាំង២៨រូប បានធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងឈុតនេះ។ បេក្ខនារីភាគច្រើនបានបង្ហាញឱ្យឃើញពីភាពក្លាហាន នៅលើវេទិកា មិនចាញ់ការប្រកួតរបស់បរទេសនោះផង ដ្បិតថានេះគ្រាន់តែជាការប្រកួតក្នុងស្រុក។
លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថា នេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី26 កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង2នោះ ថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រផងដែរ។
លោកបន្តថា ការប្រកួតរបស់ខ្លួននេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថា នេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។ ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរ ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។
ក្នុងនោះតំណងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង25 ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព