ក្រសួងសុខាភិបាលសម្រួលឱ្យសាសនិកអ៊ិស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួនចាប់ពីពាក់កណ្តាលខែកញ្ញានេះ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសម្រួលឱ្យសាសនិកអ៊ិស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនារបស់ខ្លួន នៅតាមវិហារនិងសូរ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០តទៅ តែតម្រូវឲ្យអនុវត្តវិធានការការពារនូវការឆ្លងជំងឺកូវីដ ១៩ ឲ្យបានម៉ឹងម៉ាត់ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបន្តថា ការចូលថ្វាយបង្គំត្រូវធ្វើឱ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់ក្រសួងដែលមានដូចបានរៀបរាប់ខាងក្រោម៖
១-ពាក់ម៉ាស់ វាស់កម្តៅ លាងដៃជាប្រចាំនិងសាប៊ូ អាល់កុល និងមានគម្លាតពីគ្នា យ៉ាងតិច ១,៥ ម៉ែត្រ។
២-សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
៣-ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម។
៤-ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមក្រោយបញ្ចប់ការថ្វាយបង្គំប្រមាណ ២០ទៅ៣០ នាទី។
៥-ការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រគឺការបួងសួងសូត្រសេចក្តីណែនាំខ្លីៗ មិនឱ្យលើសពី៣០នាទី។
៦-ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឱ្យចូលថ្វាយបង្គំប្រមាណ ៣០ភាគរយ នៃចំណុះទីតាំងវិហារនីមួយៗ។
លោក ម៉ម ប៊ុនហេង បានបន្តថា ថ្នាក់ដឹកនាំអ៊ិស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗដំណាក់កាលដំបូងនេះ នៅថ្ងៃ សុក្រ ទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ដោយសាកល្បងរយៈពេល ៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើមថ្វាយបង្គំនៅតាមសូរ៉ាវ។
លោកបន្ថែមថា គណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការនេះឱ្យបានហ្មត់ចត់ជាទីបំផុត និងក្នុងករណីដែលមានបញ្ហាទាក់ទងនិងការសង្ស័យថាមានជំងឺកូវីដ១៩ ជាយថាហេតុសូមគណៈដឹកនាំវិហារនីមួយៗរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថាកម្ពុជារកឃើញវិជ្ជមានកូវីដ ១៩ សរុប ២៧២នាក់ និងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២ នាក់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព