ប្រសិនបើរឿងកន្លងទៅហើយ វាហួសផុតបាត់ទៅហើយ ឲ្យវាចប់ទៅចុះ មិនគួរយកមកទុកឲ្យស្ដុកណែនក្នុងចិត្តទេ ហើយវាក៏មិនមានអ្វីបង្កការបៀតបៀនដល់ចិត្តដែរបើយើងមិនរវល់នឹងវា ត្រៀមចិត្ត ត្រៀមកាយដោះស្រាយតែរឿងដែលកើតឡើងក្នុងបច្ចុប្បន្នទៅបានហើយ ។
ប៉ុន្តែមិនដូច្នោះទេជាទូទៅមនុស្សយើងភាគច្រើនចូលចិត្តគិតរឿងផ្សេងៗក្នុងអតីតកាល ហើយសន្សំទុកនូវរឿងដែលមិនល្អក្នុងចិត្តគឺ រឿងដែលកន្លងហួសទៅខ្លះ រឿងខ្លួនឯងខ្លះ រឿងអ្នកដទៃខ្លះ រឿងដែលមិនមែនជាសភាវៈពិតគ្រាន់តែជាការស្រមើលស្រមៃខ្លះ ឯរឿងខ្លះកិលេសក្នុងចិត្តខ្លួនឯងបាននិមិត្តឲ្យកើតឡើងខ្លះ ពិតជាធ្វើឱ្យខួរក្បាលតឹងណែនពេកហើយ ។
ព្រោះតែអំណាចនៃកិលេសក្នុងចិត្ត មនុស្សយើងតែងខ្វាយខ្វល់ចូលទៅជំពាក់វាក់វិនក្នុងរឿងទាំងឡាយ សូម្បីតែរឿងដែលកន្លងទៅហើយ រួចផុតទៅហើយ ក៏នៅតែយកមកគិតឲ្យចិត្តស្តុកតឹងណែនក្នុងក្បាល សុទ្ធតែជាការឥតប្រយោជន៍សោះ សូមទម្លាក់ចោលរឿងចាស់ៗទាំងអស់នោះទៅ គិតគូរតែរឿងថ្មីវិញប្រសើរជាង ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព