របាយការណ៍មួយនៅអ៊ីតាលីបានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid គឺកីឡាករ Brahim Diaz ឈានដល់កិច្ចព្រមព្រៀងផ្លាស់មកចូលរួមជាមួយក្លិប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
ការផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយក្លិប Milan ដោយសារភ្នាក់ងារខ្សែប្រយុទ្ធខាងលើចង់ឱ្យ Diaz ទទួលបានបទពិសោធន៍ថ្មី ជាជាងបន្តនៅកៅអីបម្រុងក្រោយការដឹកនាំរបស់លោក Zinedine Zidane សម្រាប់រដូវកាលថ្មី ពោលគឺកាលពីរដូវកាលមុនរូបគេមានឱកាសបង្ហាញខ្លួនឱ្យក្លិប Madrid បានតែ ៦ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ LaLiga។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ២១ ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិប Madrid កាលពីឆ្នាំ២០១៩ ក្រោយពីក្លិប Manchester City ព្រមលក់រូបគេក្នុងតម្លៃ ១៥ លានអឺរ៉ូ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore