យោងតាមម្ចាស់ហាងនិងកាមេរ៉ាសុវត្ថិភាពបានឱ្យដឹងថា មានស្ត្រីគ្មានផ្ទះសម្បែងម្នាក់បានចូលទៅក្នុងហាងទូរសព្ទដៃមួយដែលបិទទ្វារ ហើយបានដុតភ្លើងដោយមិនមានគំនុំអ្វីនឹងម្ចាស់ហាងឡើយ។
ហាងនេះមានទីតាំងនៅសង្កាត់ Pattaya Klang ៥។ ម្ចាស់ហាងឈ្មោះ Thanawat Thiang អាយុ ៥១ ឆ្នាំភេទប្រុស បាននិយាយថា នៅម៉ោងប្រហែល ១០យប់ មានអ្នកជិតខាងម្នាក់ឃើញមានភ្លើងឆេះតិចតួចនៅក្នុងហាងរបស់គាត់ ហើយគេបានចូលទៅពន្លត់ឱ្យ។ ម្ចាស់ហាងបានវិលត្រឡប់មកហាងវិញ ហើយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរករូបភាពជនល្មើសដែលបានដុតហាងរបស់គាត់។ ជនល្មើសបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីដុតភ្លើងឱ្យឆេះឡើង។ កាសែត the pattaya បានកត់សម្គាល់ថានេះគ្រាន់តែជាឧប្បត្តិហេតុធម្មតានិងបញ្ហាចោរកម្មបន្តិចបន្តួច ព្រោះមានការកើនឡើងចំនួនប្រជាជនគ្មានផ្ទះសម្បែងនៅទីក្រុង Pattaya ប៉ុណ្ណោះ។ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ និងការបិទព្រំដែនចំពោះភ្ញៀវទេសចរអន្តរជាតិ ប្រជាជនដែលគ្មានផ្ទះសម្បែងបានកើនឡើងគួរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ហាងសង្ឃឹមថាប៉ូលិសនឹងយកចិត្តទុកដាក់លើបញ្ហានេះជាខ្លាំង ហើយអាចចាប់ជនល្មើសមកដាក់ទោស៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news