រាជធានីភ្នំពេញ ៖ បុរសរងគ្រោះជាកម្មករសំណង់ម្នាក់ត្រូវបានបុរសស្លៀកពាក់ស៊ីវិលម្នាក់ដកកាំភ្លើងភ្ជង់ និងវាយទៅលើបណ្តាលឱ្យរងរបួសស្រាល រួចហើយជនដៃដល់រត់គេចខ្លួនចេញពីការដ្ឋានសំណង់ជាកន្លែងកើតហេតុបាត់ស្រមោល ដែលករណីនេះកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចការដ្ឋានសំណង់មួយកន្លែងខាងកើតក្រសួងការបរទេស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ ឃុន ឈីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញានោះទេ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើដូចសព្វមួយដង តែថ្ងៃនេះបែរជាបុរសជាជនស្លៀកពាក់ស៊ីវិលខាងលើបានហាមឃាត់មិនឲ្យចូលទៅក្នុងកន្លែងការដ្ឋាននេះ ដោយសារតែជនរងគ្រោះជាកម្មករសំណង់រូបនេះ មិនមានស្លាកសញ្ញាសម្គាល់នៅលើមួក ទើបឃាត់មិនឲ្យចូល ។
ក្រោយមកក៏មានការឈ្លោះប្រកែកគ្នា ស្រាប់តែពេលនោះជនសង្ស័យដែលស្លៀកពាក់ស៊ីវិលខាងលើបានទះកំផ្លៀងទៅលើជនរងគ្រោះដែលជាកម្មករសំណង់នោះចំនួន២កំផ្លៀង និងបានដកកាំភ្លើងភ្ជង់គំរាមបាញ់ ។
ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មករសំណង់ផ្សេងទៀត ដែលធ្វើការនៅទីនោះ រួចក៏រាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ឲ្យចុះមកដល់ទីតាំងខាងលើ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការសួរនាំ ។
ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រគល់ជនរងគ្រោះទៅឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដោយសារតែជនសង្ស័យខាងលើនេះជាមន្ត្រីយោធា ដើម្បីស្វែងរកចាប់ខ្លួនបុរសជាជនដៃដល់យកមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្ត ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព