បុរសជនជាតិប៊ែលហ្ស៊ិកអាយុ ៤៩ ឆ្នាំម្នាក់ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន បន្ទាប់ពីរស់នៅក្នុងព្រះរាជាណាចក្រថៃដោយគ្មានលិខិតឆ្លងដែន។
ជនល្មើសបានរស់នៅក្នុងផ្ទះល្វែងមួយនៅខណ្ឌ Wang Thonglang ទីក្រុងបាងកកអស់រយៈពេលជាង ៤ឆ្នាំមកហើយ។ អ្នកស្រុកបានប្រាប់មន្រ្តីអន្តោប្រវេសន៍ថា ជនរងគ្រោះតែងតែនាំស្ត្រីថៃទៅផ្ទះរបស់គាត់ ហើយបើតាមអ្នកជិតខាងបានឱ្យដឹងថាជនល្មើសមិនមានការងារធ្វើនោះទេ។ ក្រោយបានត្រួតពិនិត្យព័ត៌មានរបស់ជនល្មើសបានឱ្យដឹងថា ជនល្មើសមិនមានលិខិតឆ្លងដែនចូលមកក្នុងប្រទេសថៃទេ ហើយរូបគេធ្លាប់ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំកាលពីឆ្នាំ ១៩៩៩ មានន័យថាជនល្មើសត្រូវជាប់ក្នុងបញ្ជីខ្មៅដែលហាមមិនឱ្យចូលទឹកដីថៃនោះឡើយ។ ជនល្មើសបានប្រាប់ប៉ូលិសថា បន្ទាប់ពីគេត្រូវបាននិរទេសឱ្យត្រឡប់ទៅកាន់ប្រទេសប៊ែលហ្ស៊ិក គេបានព្យាយាមវិលត្រឡប់មកប្រទេសថៃវិញតាមរយៈអាកាសយានដ្ឋាន Suvarnabhumi កាលពី ៦ ឆ្នាំមុន ប៉ុន្តែត្រូវបានមន្ត្រីអន្តោប្រវេសន៍បដិសេធ។
ជំនួសឱ្យការហោះហើរត្រឡប់ទៅប៊ែលហ្សិកវិញ ជនល្មើសបានហោះហើរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកគឺប្រទេសកម្ពុជា ហើយក្រោយមកទៀត គេបានឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ។ ខណៈពេលកំពុងរស់នៅក្នុងប្រទេសថៃ ជនល្មើសបានបានប្រាប់ប៉ូលិសថា រូបគេត្រូវបានអ្នកសិល្បៈទាក់ទងឱ្យសម្តែងក្នុងរឿងភាគនិងខ្សែភាពយន្តថៃមួយចំនួនផងដែរ។ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនតារាសម្តែងរូបនេះដោយចោទប្រកាន់ពីបទចូលមកព្រះរាជាណាចក្រថៃដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្នជនល្មើសកំពុងស្ថិតនៅប៉ុស្តិនគរបាលខណ្ឌ Wang Thonglang ដើម្បីរង់ចាំការកាត់ទោស៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger