សម្តេចតេជោអនុញ្ញាតឲ្យសាសនិកឥស្លាមគោរពថ្វាយបង្គំជំអាត់ចាប់ពីថ្ងៃ១១ ខែកញ្ញាខាងមុខនេះ
រាធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសមុននេះបន្តិចថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយពីការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួន នៅតាមវិហារ និងសូវ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តទៅ ដោយយោងតាមចំណារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ដែលសាសនិកឥស្លាមរស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាលដូចជា ៖
ទី១ – ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងមានគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
ទី២ – សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
ទី៣ – ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម
ទី៤ – ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមក្រោយបញ្ចប់ ការថ្វាយបង្គំប្រមាណ ២០-៣០នាទី
ទី៥- ការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ គឺការបួងសួងសូត្រសេចក្ដីណែនាំខ្លីៗ មិនឲ្យលើសពី៣០នាទី
ទី៦- ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ ។
ចំពោះថ្នាក់ដឹកនាំឥស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗ ដំណាក់កាលដំបូងនេះ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារកល្បងរយៈពេល៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើមថ្វាយបង្គំជុំគ្នានៅតាមសូរ៉ាវ ដោយអនុវត្តវិធាន ការការពារសុខភាពរបស់ ក្រសួងសុខាភិបាលជានិច្ច ។
សូមគូសបញ្ជាក់ ៖ គណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការ នេះឲ្យបានហ្មត់ចត់ជាទីបំផុត ។ ក្នុងករណីដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព