ស្ត្រីវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីនាងបានសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ដោយសារកាត់សក់ឱ្យមិនស្អាត។ ជនល្មើសឈ្មោះ Araya Sra-On កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា និងលួចគ្រឿងអលង្ការដែលនៅលើខ្លួនជនរងគ្រោះ។
ជនល្មើស Araya បានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ Banyat Kanthong អាយុ ៧៤ ឆ្នាំនៅក្នុងហាងមួយក្នុងខេត្ត Phitsanulok ភាគខាងជើងប្រទេសថៃ។ ជនល្មើសបានប្រាប់ប៉ូលិសថា ជនរងគ្រោះបានកាត់សក់ឱ្យនាង ក្រោយពេលកាត់រួចរាល់នាងសង្កេតឃើញថាម៉ូដសក់នោះមិនស្អាតតាមការកុម្ម៉ង់ទេ។ សាកសពជនរងគ្រោះត្រូវបានរកឃើញនៅក្នុងបន្ទប់សំរាករបស់ហាងដោយកូនប្រសារដែលមានអាយុ ៤៦ឆ្នាំឈ្មោះ Manat Kanthongchuchok ។ ក្រោយពិនិត្យសាកសព ប៉ូលិសបាននិយាយថា នៅជនរងគ្រោះមានរបួសចាក់ដោយកាំបិតត្រង់កយ៉ាងជ្រៅប្រហែល ១៥ សង់ទីម៉ែត្រ ហើយ ខ្សែក ខ្សែដៃ និងចិញ្ចៀនបានបាត់ពីខ្លួនជនរងគ្រោះ។
ក្រោយពិនិត្យមើលកាមេរ៉ាសុវត្ថិភាព គេឃើញស្ត្រីវ័យក្មេងម្នាក់បានដើរចូលទៅក្នុងហាងហើយក្រោយមកក៏មានការឈ្លោះប្រកែកជាមួយជនរងគ្រោះ ។ ជនល្មើសបានចាកចេញពីហាងដោយជិះម៉ូតូពណ៌ក្រហមមួយគ្រឿង។ ជនល្មើសបានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតមែន ប៉ុន្តែលោក Phakphum Prapsiphum ស្នងការប៉ូលិសខេត្ត Phitsanulok បាននិយាយថាខាងមន្ទីរពេទ្យកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។ ជនជាប់ចោទបាននិយាយថានាងបានលួចយកខ្សែក ខ្សែដៃ និងចិញ្ចៀនរបស់ជនរងគ្រោះទៅបោះចោលនៅតាមផ្លូវ អំឡុងពេលដែលនាងកំពុងបើកម៉ូតូចេញពីកន្លែងកើតហេតុ។ បច្ចុប្បន្នប៉ូលិសកំពុងតែស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើឃាតកម្មមួយនេះ ហើយជនល្មើសនឹងត្រូវមានទោសកាន់តែធ្ងន់ធ្ងរប្រសិនបើប៉ូលិសរកឃើញថា ជនល្មើសប្រព្រឹត្តបទល្មើសដោយចេតនា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger