ប៉ូលិសបានចាប់ខ្លួនជនជាតិសិង្ហបុរីម្នាក់ និងបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ពីបទលក់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដោយខុសច្បាប់ បន្ទាប់ពីប៉ូលិសបានរកឃើញគ្រាប់កាំភ្លើងគ្រាប់បែកដៃ និងកាំភ្លើងនៅក្នុងខុនដូមួយកន្លែងនៅស្រុក Huay Khwang ក្រុង bangkok ។
បុរសជនជាតិសិង្ហបុរីឈ្មោះ Bink អាយុ ២៦ ឆ្នាំ និងបុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ Aiden អាយុ ៣២ ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទកាន់កាប់និងលក់កាំភ្លើងនិងគ្រឿងផ្ទុះដោយគ្មានអាជ្ញាប័ណ្ណ។ ជនសង្ស័យទាំងពីរបានចូលប្រទេសថៃកាលពីឆ្នាំមុនដោយទិដ្ឋាការអប់រំ។
ដំបូងឡើយប៉ូលិសទទួលបានព័ត៌មានអំពីជនល្មើសលក់កាំភ្លើង ហើយបានតាមដានសកម្មភាពរហូតដល់ឃើញពួកគេបើកឡានម៉ាក Mercedes ពណ៌ក្រហមមួយគ្រឿង។ ប៉ូលិសបានតាមដានរថយន្តនោះ ហើយក្រោយមកក៏ឈានទៅដល់ការឆែកឆេរខុនដូដែលជាកន្លែងបុរសទាំង ២ នាក់រក្សាទុកនូវអាវុធខុសច្បាប់។ នៅពេលឆែកបន្ទប់នោះប៉ូលិសបានរកឃើញកាំភ្លើងចំនួន ៧ ដើម គ្រាប់កាំភ្លើងចំនួន ៥៨៤ គ្រាប់ គ្រាប់បែកដៃម៉ាក M67 មួយគ្រាប់ គ្រាប់បែកដៃម៉ាក KM18 ចំនួនមួយគ្រាប់ និងគ្រាប់បែកធម្មតាចំនួន ២ គ្រាប់។
ជនល្មើសបានសារភាពថា ពួកគេបានលក់កាំភ្លើងនិងគ្រឿងផ្ទុះតាមរយៈកម្មវិធី Line និង WeChat ហើយអតិថិជននឹងបង់ប្រាក់តាមរយៈកម្មវិធី Bitcoin។ ប៉ូលិសក៏រកឃើញថាស្លាកលេខនិងការចុះបញ្ជីលើរថយន្ត Mercedes របស់អ្នកទាំងពីរគឺក្លែងក្លាយ ហើយជនល្មើសឈ្មោះ Bink ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារផ្លូវការរបស់រដ្ឋាភិបាល។ ជនល្មើសឈ្មោះ Bink បានទទួលការបញ្ជាពីមនុស្សម្នាក់នៅប្រទេសសិង្ហបុរីឱ្យបំផ្លាញកាំភ្លើងទាំងអស់ដែលជាថ្នូរនឹងទឹកប្រាក់ចំនួន ១០០ ០០០ បាត។ បច្ចុប្បន្នប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតជនសង្ស័យម្នាក់នោះជាបន្ត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger