ភ្នំពេញ៖ បុរសម្នាក់ បានបន្លំខ្លួនធ្វើជាសន្តិសុខផង និងជាមន្ត្រីអាវុធហត្ថផង ក្នុងបំណងសំរុកចូលទៅក្នុងអគារដ៏ធំមួយដែលកំពុងសាងសង់ ហើយត្រូវបានសន្តិសុខពិតប្រាកដនៅក្នុងអាគារនោះ ឃាត់សួរនាំក៏ត្រូវជនបន្លំខ្លួននោះ ដាល់២ដៃ និងដកកាំភ្លើងភ្ជង់គំរាម បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង ហើយភ្លាមនោះ ជនដែលបន្លំខ្លួន ក៏រត់គេចខ្លួនបាត់ចេញពីកន្លែងបង្ករឿង ។
ហេតុការណ៍បន្លំខ្លួនមិនបានសម្រេចនេះ បានកើតឡើងនៅវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ អគារដែលកំពុងសាងសង់ ហើយត្រូវបានគេបន្លំខ្លួននេះ ស្ថិតនៅទល់មុខ ក្រសួងបរិស្ថានរាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុទើបឃើញមន្ត្រីអាជ្ញាធរ និងកម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសភាពការណ៍ និងសួរនាំព័ត៌មានផ្សេងៗ ហើយក៏ពិនិត្យមើលរូបភាពក្នុងកាមេរ៉ាផ្សេងៗដែលគេថតបានផងដែរ ថាតើ មានអ្នកណាស្គាល់ជននោះដែរឬអត់ ដើម្បីចាត់ការតាមច្បាប់៕ដោយ÷សួង សាម