ជាសង្សារនឹងគ្នា កុំទាន់ហៅគ្នាជាប្ដីប្រពន្ធ ឬរស់នៅដូចប្ដីប្រពន្ធ!
ប្រិយមិត្តជាទីមេត្រី កាលពីវគ្គមុនខ្ញុំបានលើកយកចំនុចមួយពាក់ព័ន្ធនឹងពាក្យថា«ចាប់ផ្ដើមស្វីត បញ្ចប់ដោយរកាំរកូស» លើកមកបកស្រាយ បញ្ចេញគំនិត ផ្ដល់យោបល់ ដល់អ្នកទើបមានស្នេហា និងអ្នកដែលតែងតែបរាជ័យជាញឹកញយក្នុងទំនាក់ទំនង។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺពាក្យថាមួយពោលថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» ហើយ មែនទេ?
អានអត្ថបទ«ចាប់ផ្ដើមស្វីត បញ្ចប់ដោយរកាំរកូស» ៖
https://fx.mongcent.com/news_share/na_detail/9433608?memberId=1148569&lan=en-US&app_version=3.6.2&os=2&fbclid=IwAR3eFEFxK2WiWuhd8nVJqNzvDH4j2VOPX0yJZ_ag5FLyM-HBcZjO1OFQcaQ
កាលពីនៅក្មេងៗ ពេលខ្ញុំបានលឺពាក្យនេះម្ដងៗ ខ្ញុំក៏តែងនឹកគិតបែបកំប្លែងលេងសើចឡើងថា «យី! ផ្ទះគេមានចង្កៀង ផ្ទះយើងគ្មានចង្កៀង យើងទៅខ្ចីគេទៅ ភ្លឺទាំងអស់គ្នាហើយ។ វាមិនដែលគេចិត្តអាក្រក់យ៉ាងហ្នឹង» ហើយក៏សើចលេងសប្បាយ មិនមានចិត្តខ្វល់ខ្វាយច្រើននឹងបញ្ហានេះ តែពេលខ្ញុំធំដឹងក្ដីឆ្លងកាត់រឿងមួយគំនរធំ ទើបដឹងថា អ្វីៗមិនដូចការគិតនោះទេ។ កាលណោះ ខ្ញុំនិងសង្សារចាស់ខ្ញុំ ធ្លាប់រស់នៅផ្ទះជួល ជុំគ្នាអស់មួយរយៈធំ បន្ទាប់មកក៏ផ្លាស់ទីលំនៅ មកផ្ទះរបស់ម៉ាក់ប៉ាខ្ញុំ។ ដំបូងឡើយ ម៉ាក់ប៉ាខ្ញុំ ពុំអនុញ្ញាតឲ្យរស់នៅទីនេះជាដាច់ខាត ព្រោះខ្លាច គេមើលងាយពេបជ្រាយខ្ញុំនិងសង្សារចាស់ខ្ញុំ ប៉ុន្តែដល់តែយូរៗទៅ ទើបគាត់យល់ឃើញថា កាលដែលនៅផ្ទះជួល មិនសូវផ្ដល់ផលល្អ ទាំងសុវត្ថិភាព និងប្រាក់ចំណូលនោះទេ ព្រោះគ្រាន់តែយើងខំរកហើយ មួយខែៗត្រូវបង់ថ្លៃជួលផ្ទះទឹកភ្លើងវាអស់ទៅហើយ។ ដូច្នេះហើយគាត់ក៏សម្រេចចិត្តអនុញ្ញាតឲ្យយើងមករស់នៅទីនេះ តែនៅតែប្រើពាក្យថាមួយរយៈ ដើម្បីឲ្យពួកយើងខំប្រឹងរកលុយ ទិញផ្ទះដោយខ្លួនឯង។ អស់រយៈពេលជិត២ឆ្នាំ នៅផ្ទះជាមួយម៉ាក់ប៉ា យើងរស់នៅក្នុងកូនបន្ទប់មួយ ជាមួយគ្នា រស់នៅដូចប្ដីប្រពន្ធ នៅជិតគ្នា នៅក្បែរគ្នា ស្ទើរ២៤ម៉ោង ក៏ប៉ុន្តែ ពេលនោះហើយ ទើបខ្ញុំដឹងថា ទោះបីជាចុះមកក្រោមជាបន្ទប់ម៉ាក់ប៉ាខ្ញុំ ទោះបីជាមានយាយតា មិត្តភក្តិបងប្អូន អាចឲ្យយោបល់ ពេលយើងមានបញ្ហា ក៏ក្នុងចិត្តខ្ញុំ «ចង្កៀងចិត្តខ្ញុំនៅតែងងឹតមិនសូវមានពន្លឺ»ដដែរ ព្រោះដោយសារតែភាពរកាំរកូស ឥតទំនេររវាងគ្នានឹងគ្នា។
បទពិសោធន៍បានបង្រៀនខ្ញុំនូវមេរៀនល្អមួយ នោះគឺ៖ «ការស្រឡាញ់ជ្រុលពេក ក្លាយជាភាពជ្រេញដោយមិនដឹងខ្លួន»។ អ្វីក៏ដោយដែលមានពាក្យថា«ពេក» នោះរមែងតែងតែទទួលមកវិញនូវផលមិនល្អ ដូចជា នឹកពេក ក៏ខូចចិត្ត, ល្អពេក ក៏មិនចង់បៀត, អស្ចារ្យពេក ក៏វេទនាអ៊ីចឹងទៅ។ ដូច្នេះហើយ ការស្រឡាញ់ជ្រុលពេក ក៏កើតចេញសេចក្ដីប្រច័ណ្ឌខុសទំនង (ប្រើពាក្យថា ខុសទំនង ព្រោះ ស្នេហា គឺពេលខ្លះ ធ្វើឲ្យយើងចេះហួងហែងជារបស់ខ្លួន ព្រោះយើងមិនមែនរស់នៅតែពីរនាក់ដូចរឿងនិទានឯណា? អ៊ីចឹង យើងអាចប្រច័ណ្ឌដោយចេះគិតបានដែរពេលខ្លះ) លើដៃគូ រហូតធ្វើឲ្យ កើតគំនិតចេះទាមទារ នេះនោះ ដូចជាពេលវេលាច្រើនជាងមុន ការយកចិត្តទុកដាក់ជាងមុន ចេះរអ៊ូច្រើនជាងមុន រហូតធ្វើឲ្យ ដៃគូមិនហ៊ាននិយាយថាជ្រេញ លូចជ្រេញដោយមិនដឹងខ្លួន រហូតឈានទៅដល់ ការគេចមុខ ពីគេទៅជួបអ្នកនេះអ្នកនោះ កុំឲ្យខ្លួនធុញទ្រាន់ឬជ្រេញខ្លាំងទៅៗ។
យូរៗទៅ សេចក្ដីធុញ ជ្រេញ របស់ដៃគូក៏ធ្វើឲ្យសេ្នហាកើតភាពប្រេះស្រាំកាន់តែធំៗទៅ។ គ្មានអ្នកណាដែលមិនចង់នៅក្បែរមនុស្សដែលយើងស្រឡាញ់នោះទេ តែឲ្យតែនៅក្បែរដឹងតែមានរឿងឈ្លោះគ្នា បើមិនរឿងនេះ រឿងនោះ បើមិនរឿងខាងណេះ ក៏រឿងខាងណោះ មិនចេះចប់មិនចេះហើយ តើអ្នកណាទៅរីករាយ បើឃើញតែមុខគ្នាដដែរៗ ហើយថែម ចេះឈ្លោះគ្នា ឬឃើញតែមុខគ្នាមិនបានទៀត។ ថាអាជួបមុខគ្នា ឃើញតែគ្នា ជជែកតែរឿងដដែរទៅ វាជ្រេញ វាធុញថប់ មិនមានពេលអាចជជែករឿងបញ្ហាបន្ធូរអារម្មណ៍នឹងមិត្តភក្តិ ឬអ្នកដទៃ បងប្អូន មិនបាន ដល់តែពេលជួបមុខហើយ នៅឈ្លោះគ្នាទៀត គឺពិបាកទទួលយកហើយ។
បើជួបៗយ៉ាងនេះ មានពេលឯណានឹក? គឺមានតែពេល ធុញទ្រាន់ ព្រោះបើជួបចេះផ្អែមល្ហែមក៏មិនថា តែនេះជួបហើយរកតែរឿង។ មានរឿងហើយ មិនឲ្យចេញពីផ្ទះ។ ចេញពីផ្ទះហើយង៉កងរ ឬខឹងបន្ថែម នេះ មិនមែនជាដំណោះស្រាយទេ។ ចាស់ៗតែងនិយាយពាក្យថា «បើស្រឡាញ់កុំទៅញឹក បើរលឹកគួរទៅម្ដងៗ» គឺពិតជាត្រូវណាស់ ហើយកាលដែលរស់នៅលែងស្គាល់ផៅញាតិសណ្ដាន ស្គាល់តែពីរនាក់ ក៏ជាមូលហេតុធ្វើឲ្យធុញទ្រាន់ដែរ ព្រោះរឿងដដែរៗ បញ្ហាដដែរៗនេះឯង តែណ្ហើយ យ៉ាងណា ចង់បានស្នេហាឋិតឋេរ បានយូរ មិនសូវឈ្លោះ គួរដកឃ្លាខ្លះ ទុកពេលឲ្យគេខ្លះ ឲ្យខ្លួនឯងខ្លះ ទើបជាការប្រសើរ។
នៅវគ្គក្រោយ ខ្ញុំនឹងណែនាំដំបូន្មានដូចចំណុចខាងក្រោម។ សូមប្រិយមិត្តទាំងអស់ ជួយLIKE SHARE និងComment ពីចំណាប់អារម្មណ៍ ឬសំណូមពរ ឬក៏សំណួរផ្សេងៗ ខាងក្រោមនេះ ហើយខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហា ឬប្រឹក្សាបងប្អូន។
ខ្លឹមសារវគ្គបន្ទាប់៖
- ម្ដងយើងម្ដងគេ
- ដៃគូយើងដូចជាសត្វចិញ្ចឹម
- ដឹងចិត្តនិងយល់ចិត្ត