ខេត្តស្ទឹងត្រែង ៖ ជនឈ្មោះ ចាន់ ភ័ក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បច្ចុប្បន្នរស់នៅភូមិលើ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ត្រូវចៅក្រមសើុបសួរសាលាដំបូងខេត្ត ដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។
ជនជាប់ចោទ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ឃាត់ខ្លួននៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅត្រើយខាងកើតស្ពានសេកុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈណាត់ឲ្យនារីរងគ្រោះយកលុយចំនួន១០លានរៀលប្រគល់ឲ្យខ្លួន ជាថ្នូរនឹងការមិនបញ្ចេញរូបអាសអាភាសលើបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពពីទោសកំហុសដែលបានគំរាមកំហែងដូចការចោទ ប្រកាន់នោះមែន និងបានធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី ។
នៅសាលាដំបូង ក្រោមការសើុបសួរដោយលោក អួង វុទ្ធា ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់ជនឈ្មោះ ចាន់ ភ័ក្ត្រា ពីបទគំរាមកំហែងហែកកេរ្តិ៍ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៣២៧ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមមាត្រានេះ ជនត្រូវចោទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។ បច្ចុប្បន្នជនជាប់ចោទខាងលើបានត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ តាមដីកាបង្គាប់ ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ៥៤៦/២០ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព