កាលពីពេលកន្លងទៅនេះ Project Inspire បានរៀបចំកម្មវិធី “Comfort zone vs Self-discovery” ដែលបានប្រពឹត្តិឡើងនៅសាលាអាមេរិចកាំងស្ទេនហ្វ័ដសាខាអូឡាំពិក។ នៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2019 ពីម៉ោង8:30ព្រឹករហូតដល់ម៉ោង11:00រសៀល ដោយមានលោក Sovanlorheng កញ្ញា Rothsethamony និង លោក Bunping មកចូលរួមចែករំលែកបទពិសោធន៍ស្តីពីការចាកចេញពីរង្វង់ដែលអ្នកនៅ ឬ ហៅថា comfort zone។ រង្វង់ដែលអ្នកនៅ ឬ Comfort zone សម្តៅលើមជ្ឈដ្ឋានដែលធ្វើអោយអ្នកមានអារម្មណ៍សុវត្ថិភាពនិងមិនមានភាពភ័យខ្លាច។ ភាគច្រើនអ្នកដែលនៅក្នុង comfort zone មិនសូវមានភាពក្លាហានហើយមិនសូវមានការអភិវឌ្ឍឡើយ។
តើអ្នកទាំងអស់គ្នាចង់ដឹងទេថាតើយើងត្រូវធ្វើដូចម្តេចដើម្បីចាកចេញពីរង្វង់នេះ? តោះ! ចំណាយពេលមកអានអត្ថបទនខាងក្រោមនេះដើម្បីដឹងពីវិធីសាស្រ្ត5យ៉ាងដែលអាចជួយអ្នកចាកចេញពីរង្វង់ដែលអ្នកនៅ (Comfort zone)។
១.ផ្លាស់ប្តូរទម្លាប់របស់អ្នក
អ្នកមានបំណងចង់កែប្រែខ្លួនឯងតើមែនដែរឬទេ? រៀនស្វែងយល់ពីខ្លួនឯងដោយរកអោយឃើញនៅចំណុចខ្សោយរបស់ខ្លួន រួចកែប្រែអភិវឌ្ឍចំណុចខ្សោយទាំងនោះ។ មិនត្រូវមានភាពភ័យខ្លាចក្នុងការរៀនអ្វីដែលថ្មីឬទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួនឡើយ។
២.តទល់និងភាពភ័យខ្លាច
កាលណាអ្នកមានការភ័យខ្លាចក្នុងខ្លួន នោះអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសក្តានុពលរបស់ខ្លួនឡើយ។ ព្រោះការភ័យខ្លាចបានក្លាយជាស្រមោលតាមអន្ទោងអ្នករាល់ពេលដែលអ្នកចង់ឈានជើងចេញពីរង្វង់ដែលអ្នកនៅ។ ដូចនេះ អ្នកត្រូវជំនះអោយបាននូវភាពភ័យខ្លាចទើបអាចធ្វើអោយអ្នកសម្រេចបានភាពជោគជ័យនៅពេលអនាគត។
៣.សាកល្បងធ្វើអ្វីដែលថ្មីរហូតដល់អ្នកទទួលយកវា
កុំមានភាពរុញរាក្នុងការសាកល្បងអ្វីដែលថ្មី។ ប្រសិនបើអ្នកនៅតែប្រកាន់ជំហរថាអ្នកមិនអាចធ្វើបានឡើយដោយមិនទាន់សាកល្បងផង នោះគឺអ្នកកំពុងស្ថិតនៅក្នុងរង្វង់ដែលផ្តល់សុខុមាលភាពខាងផ្លូវចិត្ត តែអ្នកគួរដឹងថាអ្នកប្រៀបបីដូចជាកំពុងឃុំខ្លួនឯងក្នុងទីងងឹតអញ្ចឹងដែរ។
ដូចនេះហើយបើកចិត្តអោយទូលាយប្រកាន់យកផ្នត់គំនិតវិជ្ជមាន សាកល្បងធ្វើនូវរឿងថ្មីៗទើបធ្វើអោយជីវិតរបស់អ្នកពោរពេញដោយពន្លឺស្រស់ថ្លា។
៤.និយាយជាមួយមនុស្សដែលអ្នកមិនស្គាល់
ការនិយាយជាមួយមនុស្សមិនស្គាល់ជាវិធីសាស្ត្រមួយដែលអាចជំរុញអោយអ្នកចាកចេញពីរង្វង់ដែលអ្នកនៅ។ ជួនកាលអ្នកអាចបានបទពិសោធន៍ថ្មី ចំណេះដឹងថ្មី បណ្តាញសង្គមថ្មីនៅពេលអ្នកចាប់ផ្តើមប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីៗ។ ការដែលអ្នកជំនះភាពភ័យខ្លាច ហ៊ាននិយាយជាមួយមនុស្សដែលអ្នកមិនស្គាល់គឺជាការប្រសើរណាស់ ព្រោះអ្នកកំពុងតែពង្រឹងជំនឿទុកចិត្តលើខ្លួនឯង។
៥.ធ្វើតារាងរៀបចំគម្រោង
កំណត់គម្រោងនិងគោលដៅអោយបានច្បាស់លាស់ថាថ្ងៃនេះអ្នកត្រូវធ្វើអ្វី? តើវាបានជួយដល់អ្នកអ្វីខ្លះ? ឧទាហរណ៍៖ ថ្ងៃនេះខ្ងុំគួរតែហ៊ាននិយាយជាមួយមនុស្សដែលខ្ងុំមិនស្គាល់ ឬ ខ្ងុំត្រូវតែជំនះភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ។ល។ កាលណាអ្នកបានកំណត់អ្វីត្រូវធ្វើនឹងជួយអោយអ្នករៀនស្វែងយល់ពីខ្លួនឯងប្រកួតប្រជែងនឹងខ្លួនឯង ធ្វើអោយខ្លួនឯងកាន់តែមានភាពប្រសើរឡើង។
តាមរយ:5ចំនុចខាងលើនេះអាចជួយអោយអ្នកចាកចេញពីរង្វង់ដែលអ្នកនៅទៅកាន់បរិយាកាសមួយថ្មី។
ហេតុអ្វីមិនសាកចេញពីរង្វង់នេះទៅមើល? ជួនកាលអ្នកអាចពេញចិត្តនឹងអ្វីដែលថ្មីដែលបានចូលមកក្នុងជីវិតអ្នកក៏ថាបាន។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានហ្វេសបុកផេករបស់Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖ https://www.facebook.com/pg/projectinspirecambodia/
អត្ថបទដោយសមាជិក Project Inspire: ហេង សុផារ៉ានី