បុរសម្នាក់បានសារភាពថាបានសម្លាប់អតីតព្រះសង្ឃមួយអង្គដែលទើបតែលាចាកសិក្ខាបទ បន្ទាប់ពីជនរងគ្រោះរួមភេទជាមួយម្តាយមីងដែលមានប្តីរួចទៅហើយនៅក្នុងបន្ទប់ទឹក។
អតីតព្រះសង្ឃរូបនោះមានឈ្មោះថា Sanguan Damthong អាយុ ៤៦ឆ្នាំធ្លាប់ជាព្រះសង្ឃមួយអង្គគង់នៅវត្តមួយក្នុងស្រុក Krasang ត្រូវបានគេកាប់និងចាក់សម្លាប់នៅក្នុងបន្ទប់ទឹកនៃផ្ទះមួយនៅជាប់ស្រុក Muang កាលពីយប់ថ្ងៃសៅរ៍។សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃអាទិត្យ។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ គេឃើញថាបុរសរងគ្រោះមិនបានពាក់អាវទេ ហើយខោរបស់គាត់បានស្រាតមកត្រឹមជង្គង់។ តាមប្រភពប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះត្រូវគេចាក់នឹងកាំបិតជាច្រើនកន្លែងនិងមានស្នាមរបួសជ្រៅៗនៅត្រង់ក្បាល ស្មា ដៃឆ្វេង និងដងខ្លួន។ លោកវរសេនីយ៍ទោ Panuwat Makmoon អនុប្រធានមន្ត្រីស៊ើបអង្កេតស្រុក Muang បាននិយាយថានឹងសួរចម្លើយម្ចាស់ផ្ទះគឺលោក Liam និងលោកស្រី Od ។
ដំបូងឡើយអ្នកទាំងពីរបានបដិសេធថាមិនបានដឹងអ្វីទាំងអស់អំពីឃាតកម្មនេះ។ បន្ទាប់ពីការសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង ពួកគេបានសារភាពថា ជនរងគ្រោះលោក Sanguan ត្រូវបានសម្លាប់ដោយស្នាដៃក្មួយប្រុសរបស់ពួកគេឈ្មោះថា Sithisak Suraram អាយុ ៤៤ឆ្នាំ រស់នៅក្បែរនោះ។ ជនល្មើសបានសារភាពថាខ្លួនពិតជាបានសម្លាប់លោក Sanguan មែន ដោយសារអតីតព្រះសង្ឃ(ជនរងគ្រោះ) មានទំនាក់ទំនងស្នេហាជាមួយមីងរបស់គាត់គឺអ្នកស្រី Od ។ ប្រហែលជាម៉ោង ៧យប់ថ្ងៃសៅរ៍ ជនរងគ្រោះនិងអ្នកស្រី Od បានចូលបន្ទប់ទឹកហើយធ្វើរឿងមិនគប្បី ក្រោយមកជនល្មើសបានទាញកាំបិតសំដៅទៅបន្ទប់ទឹកហើយចាក់ជនរងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ កាលពីថ្ងៃអាទិត្យប៉ូលិសបានឱ្យជនល្មើសទៅផ្ទះកើតហេតុដើម្បីធ្វើតា្រប់ការសម្លាប់ម្តងទៀត។ ជនល្មើសត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post