យោងតាមប្រភពប៉ូលិសបានឱ្យដឹងថា មានខ្មាន់កាំភ្លើងមួយក្រុមបានឆ្មក់ចូលផ្សារមួយនៅទីក្រុង Karachi កាលពីថ្ងៃចន្ទដោយមានអ្នកស្លាប់ចំនួន ៤នាក់។
លោក Ghulam Nabi Memon ប្រធានមន្ត្រីប៉ូលិសក្រុង Karachi បាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានឈប់រថយន្តនៅខាងក្រៅអគារពាណិជ្ជកម្មមួយហើយបានគប់គ្រាប់បែកដៃនៅអគារមុនពេលបើកការបាញ់ប្រហារ។ ក្នុងហេតុការណ៍នេះបានធ្វើឱ្យមានមនុស្ស ៤នាក់បានស្លាប់។ ទីក្រុង Karachi ធ្លាប់ជាកន្លែងមួយសម្បូរឧក្រិដ្ឋកម្ម អំពើហឹង្សានយោបាយ និងជម្លោះជាតិសាសន៍ដោយក្រុមប្រដាប់អាវុធ។
ភាគច្រើនបញ្ហាទាំងនេះគឺជាប់ទាក់ទងទៅនឹងអ្នកនយោបាយដែលតែងតែបាញ់ប្រហារទៅលើគូប្រជែងនានាព្រមទាំងបើកការវាយប្រហារនៅតាមតំបន់ដែលជាលំនៅដ្ឋានរបស់ប្រជាជន។ ប៉ុន្តែស្ថានភាពនៅពេលប៉ុន្មានឆ្នាំក្រោយមកនេះ គេឃើញថាហាក់ដូចជាមានស្ថេរភាពឡើងវិញ បន្ទាប់ពីមានប្រតិបត្តិការយ៉ាងតឹងរ៉ឹងដោយភ្នាក់ងារសន្តិសុខប្រឆាំងនឹងការវាយប្រហារនៃនយោបាយប្រដាប់អាវុធ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post