ខ្ញុំដឹងច្បាស់ថាថ្ងៃណាមួយក៏ស្រាប់តែបាត់ខ្ញុំទៅ អ្នកច្បាស់ជាមានក្តីសុខជាងនេះ! ហើយនៅថ្ងៃនោះ ក៏លែងមានមនុស្សស្រីដែលពូកែរអ៊ូរទាំដាក់អ្នក រករឿងអ្នក និងដេញដោលពីសុខទុក្ខអ្នកទៀតដែរ។ ម្នាក់នេះដឹងថាអ្នករង់ចាំឱកាសនេះយូរណាស់ហើយ… ក៏សុំទោសផងដែលអោយរង់ចាំយូរយ៉ាងនេះ! ទ្រាំបន្តិចសិនទៅណា៎ មិនយូរប៉ុន្មានទេ អ្នកនឹងលែងឃើញមុខគួរអោយធុញរបស់ខ្ញុំទៀតហើយ ក៏លែងបានលឺសម្លេងរំខានអារម្មណ៍របស់ម្នាក់នេះទៀតដែរ ។
ប៉ុន្តែក្នុងកំឡុងពេលដ៏សែនខ្លីនេះ សូមផ្តល់សិទ្ធិត្រឹមមិត្តស្និតស្នាលដល់ខ្ញុំសិនបានទេ? មិនរំខានអារម្មណ៍អ្នកយូរពេកទេ មែនណា៎…
នៅមុនពេលដែលខ្ញុំសម្រេចចិត្តថានឹងបញ្ចប់រាល់ទំនាក់ទំនងរវាងខ្ញុំហើយនឹងអ្នក ខ្ញុំគ្រាន់តែចង់បង្កើតការចងចាំល្អៗរបស់ពួកយើងប៉ុណ្ណោះ! មិនមានចេតនាចង់បំបែកអ្នកនិងម្នាក់នោះទេ សុំត្រឹមតែការរាប់អានមួយក្នុងរយៈពេលដ៏ខ្លីនេះ ។
ហើយសូមកុំព្យាយាមបណ្តេញខ្ញុំនៅពេលនេះ ព្រោះនៅថ្ងៃដែលខ្ញុំសម្រេចចិត្តថាធ្វើតាមបំណងអ្នកហើយ ខ្ញុំស្បថ! ពួកយើងគ្មានការរាប់អានគ្នាទៀតឡើយ ខ្ញុំក៏មិនបង្កការទើសទាល់ដល់អ្នកទៀតដែរ
នេះជារឿងចុងក្រោយដែលខ្ញុំនឹងធ្វើដើម្បីអ្នក ៕