Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហ្វេ​ស​ប៊ុ​ក​សហ​ការណ៍​ជាមួយ MRCs លើកកម្ពស់​យល់​ដឹង​​គ្រោះ​ទឹកជំនន់ និង​​រាំង​ស្ងួត​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៤ កញ្ញា​នេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ (MRCS) បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​គំនិត​ផ្តួចផ្តើម​រួម​គ្នា​មួយ ដើម្បី​ផ្តល់​ការ​ជូនដំណឹង​ជា​មុន ស្តី​ពី​គ្រោះ​ទឹកជំនន់ និង​ព័ត៌មាន​តាមដាន​ពី​គ្រោះ​រាំង​ស្ងួត​ដល់​សហគមន៍ និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​រួម​របស់​ហ្វេ​ស​ប៊ុ​ក និង MRCS ។

រភព​ដដែល​បាន​បញ្ជាក់​ថា​នេះ គឺជា​កិច្ច​សហប្រតិបត្តិការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គំនិត​ផ្តួចផ្តើម​រួម​គ្នា​នេះ​មាន​គោលដៅ​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណៈជន​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ទាំង​បួន​របស់ MRC រួម​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​អំពី​ប្រព័ន្ធ​ព័ត៌មាន​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​របស់ MRC និង​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​លតា​ម​អ៊ី​ន​ធឺរ​ណេ​ត ។ កិច្ច​សហប្រតិបត្តិការ​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ពោល គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ ។

លោកស្រី សាន​ទិ អា​ឡិច​ហ្សា​ន​ដឺរ (Shanti Alexander) អ្នកគ្រប់គ្រង​កិច្ចការ​សហគមន៍​របស់ Facebook ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​ថា « នៅ Facebook យើង​តែងតែ​ស្វែងរក​មធ្យោបាយ​ថ្មី​ៗ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ចការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​នេះ​។ ជាមួយនឹង​ឧបករណ៍​សម្បូរ​បែប​ជា​ច្រើន ដែល​ជួយ​ដល់​សហគមន៍​ឲ្យ​ចេះ​ត្រៀមខ្លួន​ឆ្លើយ​តប និង​ស្តារ​ឡើង​វិញ​នូវ​សមត្ថភាព និង​ដើម្បី​បង្កើត​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​យើង​សប្បាយចិត្ត​ដែល​បាន​រួម​គ្នា​ជាមួយ MRC ដើម្បី​ផ្តល់​ព័ត៌មាន​ពី​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ដែល​អាច​កើត​មាន ជូន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​នេះ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ប្រឈម​នឹង​វិបត្តិ​នេះ​»​។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច ភាព​ក្រីក្រ និង​គ្រោះ​មហន្តរាយ នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ពី​គ្រោះ​មហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ បាន​កើនឡើង​រហូត​ដល់​ទៅ ២៥០% ។ នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម ចន្លោះ​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០១៧ ប្រទេស​ថៃ​បាន​រង​ការ​វាយប្រហារ​អាក្រក់​បំផុត ដែល​ធ្វើ​ឲ្យ​មានការ​ខូចខាត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៥២.៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​យោង​តាម MRC ខណៈ​ដែល​ទឹកជំនន់​ប្រចាំ​រដូវ បាន​នាំ​មក​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​គ្នា​ដល់​តំបន់ ការ​ខាតបង់​ប្រចាំឆ្នាំ​ជា​មធ្យម​កើត​ចេញពី​ទឹកជំនន់​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម មាន​តម្លៃ​ប្រមាណ​ពី ៦០ ទៅ ៧០ លាន​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​គិត​ជា​រួម ។ ប្រទេស​កម្ពុជា និង​វៀតណាម បាន​បាត់បង់​ប្រមាណ ពីរ​ភាគ​បី នៃ​ការ​ខូ​ត​ខាត​ដោយ​ទឹកជំនន់​ប្រចាំឆ្នាំ​សរុប​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ នេះ​បើ​គិត​ដោយឡែក ។

ការ​សិក្សា​ជា​ច្រើន​របស់ MRC នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ព្រឹត្តិការណ៍​ទឹកជំនន់​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​បាន​កើនឡើង ជា​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ ហើយ​និន្នាការ​នេះ នឹង​បន្ត​ទៅ​មុខ​ទៀត​។ អាង​ទន្លេ​នេះ ក៏​ងាយ​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បន្ថែម​ទៀត​ផង​ដែរ ដែល​រួម​បញ្ចូល​ទាំង​កំណើន​សីតុណ្ហភាព​នៃ​មេ​ដ្យា​ន​ដែល​បាន​ព្យាករ​ទុក​ប្រមាណ ០.៨ ដឺ​ក្រេ នៅ​ឆ្នាំ​២០៣០​។ «​យើង​ឃើញ​ពី​សារៈសំខាន់​ខ្លាំង​បំផុត​នៃ​ការ​ផ្តល់​នូវ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត និង​ទាន់​ពេលវេលា ស្តី​ពី​កម្ពស់​ទឹក ដល់​ប្រទេស​និង​បណ្តាល​សហគមន៍​នានា​តាម​ដង​ទន្លេមេគង្គ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ព្រមទាំង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ចាត់វិធានការ​ទាន់​ពេលវេលា ក្នុង​ការ​ជៀសវៀង ឬ​កាត់​បន្ថយ​ហានិភ័យ និង​រៀបចំ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធិ​ភាព​» ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​បណ្ឌិត អា​នុ​ល័ក គិ​តិ​ឃួ​ន (Anoulak Kittikhoun) ប្រធាន​មន្ត្រី​ផ្នែក​យុទ្ធសាស្ត្រ និង​ភាព​ជា​ដៃគូ​របស់ MRCS​។

MRC បាន​តំឡើង​ស្ថានីយ​ជល​សាស្ត្រ​ចំនួន ២២ តាម​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ ក្នុង​អាង​ទន្លេ មេគង្គ​ក្រោម ដើម្បី​តាមដាន និង​ប្រមូល​ទិន្នន័យ​ពី​កម្រិត​និង​កម្ពស់​ទឹក និង​បរិមាណ​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ទន្លេ ដែល​ទិន្នន័យ​ទាំងនេះ បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្យាករណ៍​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​មេគង្គ​របស់ MRC​។ ប្រព័ន្ធ​នេះ ផ្តល់​ទិន្នន័យ​ពី​កម្ពស់​ទឹក​ប្រចាំ​ថ្ងៃ ដល់​សាធារណៈជន និង​រដ្ឋាភិបាល​មេគង្គ រួម​ទាំង​ការ​ជូនដំណឹង​ជា​មុន​ពី​គ្រោះ​ទឹកជំនន់ និង​ការ​ព្យាករ​ពី​គ្រោះ​រាំង​ស្ងួត ដែល​មាន​រយៈពេល​ពេញ​មួយ​ឆ្នាំ​។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ គេ​នឹង​ពន្យល់​ពី​ប្រព័ន្ធ​ផ្តល់​ព័​ត៌​មួយ​នេះ តាម​រយៈ​វី​ដេ​អូ​ជី​វច​ល​ស្រ៊ី​ឌី​មួយ ដែល​នឹង​ត្រូវ​ចែកចាយ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​ឲ្យ​បាន​ទៅ​ដល់​សហគមន៍ អ្នក​ប្រើប្រាស់​ទូទៅ នៅ​ក្នុង​តំបន់​នេះ​។ Facebook ក៏​នឹង​ធ្វើការ​បំប៉ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​មក​ពី​ប្រទេស​ជា​សមាជិក​ទាំង​បួន ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ផ្សេង​ៗ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​រហ័ស ក្នុង​អំឡុង និង​ក្រោយ​ពេល​មាន​គ្រោះ​មហន្តរាយ​។

ការ​បណ្តុះបណ្តាល នឹង​រួម​បញ្ចូល​នូវ​ផែនទី​ដង់ស៊ីតេ​ប្រជាជន​របស់ Facebook ដែល​ជា​កម្មវិធី​មួយ​ប្រើប្រាស់​បច្ចេកទេស​រូបភាព​ដ៏​ទំនើប ដើម្បី​ដាក់​សំណុំ​ទិន្នន័យ​សាធារណៈ និង​បែប​ពាណិជ្ជកម្ម តាម​រយៈ​សមត្ថភាព​អេ​អាយ (Artificial Intelligence)​។ ផែនទី​ទាំងនេះ មាន​លក្ខណៈ​លម្អិត រហូត​ដល់​បី​ដង​លើស​ពី​ប្រភព​ដែល​មាន​ស្រាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9660296