Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ទីរ​បរិស្ថាន​កំពុង​រកមុខ​មេខ្លោង​បំផុស​ឱ្យ​ពលរដ្ឋ​មក​ចាប់​យក​ដី​រដ្ឋ

ខេត្តបាត់ដំបង​ ៖ មនុស្ស​រាប់រយ​នាក់​ដែល​មិនមែន​ជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន បាន​លើក​គ្នា​ទៅ​លួច​បោះ​បង្គោលព្រំ ចាប់​យក​ដី​សាធារណៈ​របស់​រដ្ឋ​យ៉ាង​អនា​ធិ​ប​តេ​យ្យ នៅ​ក្នុង​តំបន់​«​ការពារ​ធម្មជាតិនៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​» ត្រង់​ចំណុច​ភូមិ​វាល​រលឹម ឃុំ​កំពង់​ស្ពៅ ស្រុក​សំឡូត ដែល​មាន​មន្ត្រី​ខ្លះ​ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង នៃ​សកម្មភាព​រំលោភ​បំពាន​យក​ដី​រដ្ឋ​នេះ​ ។ នេះ​បើ​តាមលោកកត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា ខណៈ​កម្លាំង​របស់​លោក​កំពុង​ប្រឈម​មុខ​យ៉ាង​តឹងតែង ជាមួយ​ក្រុម​អាណា​ធិ​ប​តេ​យ្យ​នៅ​កន្លែង​កើតហេតុ​។

លោកកត បូរាណ បាន​ថ្លែង​ថា សកម្មភាព​ក្រុម​មនុស្ស ដែល​គេ​មិនសូវ​ស្គាល់​អត្ត​សញ្ញាណ​ប្រហែល​ជាង​១០០​នាក់បាន​លើកគ្នា​ទៅ​បោះបង្គោល​ព្រំ ចាប់​យក​ដី​រដ្ឋ​នៅ​តំបន់ ​«​ការពារ​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​» ត្រង់​ចំណុច​ខាងលើ​នេះ បាន​កើតឡើង​ជិត​១​ខែ​កន្លង​មក​ហើយ​។ លោក​ប្រាប់​ថា ក្រុម​នេះ មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​ទឹកដី​ឃុំ​កំពង់​ល្ពៅទេ​។ ប៉ុន្តែ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​បោះបង្គោល​ចាប់​យក​ដី​រដ្ឋ ដែល​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​ក្នុងស្រុក​នេះ ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង និងបាន​បំផុស​បំផុត​ឲ្យ​មាន​សកម្មភាព​នេះ​ឡើង​។ ភាគច្រើន​ពួក​គេ​បាន​នាំ​គ្នា​លួច​បោះ​បង្គោលព្រំ​នៅ​ពេល​យប់​។

ប្រធាន​បរិស្ថាន​រូប​នេះបាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​បាន​ព្យាយាម​ទប់ស្កាត់ និងបាន​ដើរ​ដក​បង្គោល​ទាំងនោះ​ចោល តែ​ហាក់​មិន​អាច​ទប់ទល់​បាន​ឡើយ រហូត​លោក​បង្ខំចិត្ត​បញ្ជា​ឲ្យមន្ត្រី​របស់​លោក ចូល​ទៅ​បោះ​តង់​យាម​នៅ​លើ​ដី​នោះ​តែ​ម្ដង​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ​ ស្រាប់តែ​មាន​ក្រុម​ជន​អនា​ធិ​ប​តេ​យ្យ​ទាំងនោះ បាន​លើកគ្នា​មក​គំរាម​កំហែង​ និង​បង្ខំ​ឲ្យ​មន្ត្រី​លោក​យក​បង្គោល​ទៅ​ដាំ​ឲ្យ​ពួក​គេ​វិញ ដោយ​ពួក​គេ​អះអាង​ថា «​ដី​តំបន់​នោះ ជា​ដី​របស់​ពួក​គេ​កាន់កាប់​តាំងពី​អំឡុង​ធ្វើ​សមា​ហ​រ័​ណ​កម្ម » តែ​ធាតុ​ពិតជា​ដី​តំបន់​នោះ ជា​ដី​សា​ធារ​របស់​រដ្ឋ នៅ​ក្នុង​តំបន់​« ការពារ​ធម្មជាតិ នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​» ដែល​បច្ចុប្បន្ន​ជា​ដី​ព្រៃ គ្មាន​លំនៅ​ឋាន​ឬ​ដំណាំ​អ្វី​ឡើយ​។

បើ​តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ ដែល​កោះសន្តិភាពទ​ទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ​ បាន​ឲ្យ​ដឹង​ថា ដី​របស់​រដ្ឋដែល​មនុស្ស​រាប់​សិប​នាក់ ​កំពុង​ដណ្ដើម​គ្នា​បោះបង្គោល​ព្រំ​វាទ​យក​ធ្វើ​ជា​កម្ម​សិទ្ធិនោះ គឺ​ស្ថិត​នៅ​ចំណុច​ដែល​លោក កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ធ្លាប់​បោះបង្គោល​ព្រំ​ចាប់​យក​ធ្វើ​ជា​ដី​កម្ម​សិទ្ធ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន តែ​ក្រោយមក​ត្រូវ​បាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ប្ដឹង​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ដើម្បី​រឹបអូស​យក​មក​វិញ​។ ប្រភព​បាន​បញ្ជាក់​ថា ដោយសារ​តែ​មាន​អ្នក​បំផុសបំផុល​ថា អាជ្ញាធរ​ស្រុក​សំឡូត បាន​និង​កំពុង​ធ្វើ​របាយ​ការ​ណ៏​ស្នើ​សុំ​រដ្ឋាភិបាល ដើម្បី​កាត់​ដី​រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ​ឲ្យ​ទៅ​ពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់​កន្លង​មក​។ ដូច្នេះ​ទើប​មាន​ជន​មួយ​ចំនួន​កេណ្ឌ​គ្នា​ដឹក​បង្គោល​យក​ទៅ​បោះ​ធ្វើ​ព្រំ​ចាប់​យក​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា​នេះ គេ​ឃើញ​ក្រុម​អ្នក​ចាប់​យក​ដី​រដ្ឋ​ទាំងនោះ បាន​នាំ​គ្នា​ទៅ​គំរាមកំហែង​ក្រុម​មន្ត្រី​បរិស្ថាន​ដែល​បោះ​តង់​យាម​លើ​ដី​នោះ យ៉ាង​ចាស់ដៃ​។

អភិបាលស្រុក​សំឡូត លោក សើ សា​ម៉េ​ត បាន​ផ្ដល់​បទ​សម្ភាស​ន៍ផ្ទាល់ ជាមួយ​កោះសន្តិភាព កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​លោក​បាន​និយាយ​អំពី​ការ​ដាក់​សំណើរ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​កាត់​ដី​របស់​រដ្ឋ​មួយ​ចំនួន​ប្រគល់​ជូន​ពលរដ្ឋ​បាន​កាន់កាប់​ស្របច្បាប់​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ លោក​អភិបាលស្រុក បាន​បញ្ជាក់​យ៉ាង​ច្បាស់ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ តែ​ពលរដ្ឋ​ទាំងឡាយ​ណា ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​ផ្ទាល់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ និងមាន​ដំណាំ​ដាំ​ដុះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ ពោល គឺ​មិន​សំដៅ​ទៅ​លើ​ពលរដ្ឋ​ទាំងឡាយ​ណា ដែល​អះអាង​ថា បាន​កាន់កាប់​ដី​រដ្ឋ​ទាំងនោះ​ដែរ តែ​ជាក់ស្ដែង បែរជា​គ្មាន​លំនៅ​ឋាន ឬ គ្មាន​ដំណាំ គឺ​មាន​តែព្រៃ​នោះ​ទេ​។

លោក សើ សា​ម៉េ​ត បាន​ថ្លែងប្រាប់​កោះសន្តិភាព នា​ពេល​នោះ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៉ះពាល់​លើ​ដី​របស់​រដ្ឋ​នៅ​ក្នុងស្រុក​សំឡូត ទាំងមូល មាន​ចំនួន​ជាង ២,៧៥០​គ្រួសារ ដែល​ពលរដ្ឋ​ទាំងនេះ​មាននៅ​ក្នុង​ឃុំ​តា​តោក ឃុំ​កំពង់​ល្ពៅ និង ឃុំ​សំឡូត​។ ដោយឡែក ​ផ្ទៃដី​ដែល​ត្រូវ​ស្នើ​សុំ​កាត់​ពី​រដ្ឋ​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទាំង​៣​នេះ មាន​ទំហំ​សរុប​ជាង ១១,២០០​ហិច​តា​។ លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​ដាក់​សំណើរ​នេះ ជូន​រាជរដ្ឋាភិបាល​រួច​ហើយ ដើម្បី​សុំ​ធ្វើ​យ៉ាងណា បាន​ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ដោយ​ស្របច្បាប់ មាន​ប្លង់​រឹង ហើយ​សំណើរ​នេះ ខ្ញុំ​បាន​ដាក់​ទៅ​តាំងពី​ខែមករា ឆ្នាំ​២០២០»​។

ទំនង​ដោយសារ​តែ​ផែនការ​សុំ​កាត់​ដី​ជាង​១​ម៉ឺន​ហិកតា ចេញពី​ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​ប្រគល់​ឲ្យ​ពលរដ្ឋ​ជាង​២,៧៥០​គ្រួសារ របស់​រដ្ឋបាល​ស្រុក​សំឡូត បែប​នេះ​ហើយ ទើប​បង្ក​ឲ្យ​មាន​មេខ្លោង​បំផុសបំផុល​ត​ៗ​គ្នា ពី​ឃុំ​មួយ ទៅ​ឃុំ​មួយ នាំ​គ្នា​យក​បង្គោល​ទៅ​បោះ​ធ្វើ​ព្រំ​ដី វាស់​ចែក​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​តំបន់ហាមឃាត់​ខាងលើ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រី​នានា នៅ​ក្នុងស្រុក​សំឡូត ដែល​បាន​ទម្លាយ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា​នេះ​។ ប្រភព​ដែល​បាន​ចុះ​ទៅ​កាន់​ទីតាំង​ដណ្ដើម​ដី​គ្នា​នោះ បាន​ប្រាប់​កោះសន្តិភាព​ថា សមាសភាព​អ្នក​ដែល​ទៅ​បោះ​បង្គោល​ព្រំ​ចាប់​យក​ដី​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ គឺជា​មនុស្ស ឬជា​មន្ត្រី ដែល​ធ្លាប់មាន​ប្រវត្តិ​អាស្រូវ គ្រប់សព្វ​នៅ​ក្នុងស្រុក​នេះ ហើយ​ក៏​មាន​សាច់ញាតិ​ចូលរួម​បន្ថែម​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​អ្នក​ដណ្ដើម​យក​ដី​រដ្ឋ​ទាំងនោះ ត្រូវ​បាន​ស្គាល់​មុខ​យ៉ាង​ច្បាស់​ក្រឡែត គឺ​មួយ​ចំនួន​ជា​មន្ត្រី​នគរបាល​ស្រុក មន្ត្រី​យោធា និង ជា​មន្ត្រី​រដ្ឋ​បាល​ស្រុក​សំឡូតតែ​ម្ដង​។ រីឯ​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ តែ​ពួក​គេ​ក៏​ជា​សាច់ញាតិ​មន្ត្រី​ខិលខូច​លួច​ដី​រដ្ឋ​ទាំងនោះ​ផង​ដែរ​។ មន្ត្រី​លោភលន់​ទាំងនោះ បាន​ព្យាយាម​ស្លៀកពាក់​ស៊ី​វិល បិទម៉ាស់​មុខ​យ៉ាង​ជិត តែ​មិន​អាច​បន្លំ​ភ្នែក​អ្នក​ឃ្លាំមើល​បាន​ឡើយ ដែល​ជន​មួយ​ចំនួន​រស់នៅ​ក្នុង​ឃុំ​តា​សាញ​។

ពាក់ព័ន្ធ​នឹង​សកម្មភាព​ជន​អាណា​ធិ​ប​តេ​យ្យ​លើកគ្នា​ទៅ​រំលោភ​បំពាន​ដី​រដ្ឋ​ខាងលើ​នេះ លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា បើ​គិត​ត្រិ​ម​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា នេះ ក្រុម​អ្នក​ដណ្ដើម​យក​ដី​រដ្ឋ បាន​នាំ​គ្នា​លួច​បោះ​បង្គោលព្រំ វាស់​ចែក​គ្នា​អស់​ប្រវែង​ជាង​១,០០០​ម៉​ហើយ គឺ​ស្រប​តាម​ដងផ្លូវ​ជាតិ ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់ ត្រង់​ចំណុច​ភូមិ​វាល​រលឹម ឃុំ​កំពង់​ល្ពៅ​។ លោក​បាន​ប្រាប់​ថា ពេល​នេះ​មន្ត្រី​របស់​លោក​ដែល​បោះជំរុំ​នៅ​លើ​ទីតាំង​នោះ កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ដែល​បាន​ទៅ​ឡោម​ព័ទ្ធ ហើយ​បាន​បង្ខំ​ឲ្យ​មន្ត្រី​របស់​លោក យក​បង្គោល​ទៅ​ដាំ​តាម​ព្រំ​ដី​ឲ្យ​ពួក​គេ​វិញ​។ ប៉ុន្តែ​លោក​កំពុង​ចាត់វិធានការ​លើ​ករណី​នេះ និង បាន​រាយ​ការ​ណ៏​ទៅ​ថ្នាក់លើ​បាន​ជ្រាប​អំពី​រឿង​នេះ​ហើយ​។

ប៉ុន្តែ​យ៉ាងណា លោក កត បូរាណ មិន​បាន​បង្ហើប​ប្រាប់​ឈ្មោះ មេខ្លោង ដែល​បាន​បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ៗ លើកគ្នា​ទៅ​ចាប់​យក​ដី​រដ្ឋ​ខាងលើ​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​អះអាង​យ៉ាង​ប្រាកដ​ថា «​ខ្ញុំ​បាន​កំណត់​អត្តសញ្ញាណ មេខ្លោង​ដឹកនាំ​ចលនា​វាទ​យក​ដី​រដ្ឋ​នេះ​បាន​មួយ​ចំនួន​ហើយ​។ ពេល​នេះ ​ខ្ញុំ​កំពុង​ធ្វើ​បន្ត ហើយនឹង​បញ្ជូន​ឈ្មោះ មេខ្លោង​ទាំងនោះ​ទៅ​ក្រសួង ដើម្បី​ចាត់ការ​តាម​ផ្លូវ​តុលាការ​»​។ ប្រធាន​មន្ទីរ​រូប​នេះ បាន​បញ្ជាក់​អំពី​មុខសញ្ញា​មេខ្លោង​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ការ​ស៊ើបអង្កេត​របស់ខ្ញុំ មេខ្លោង​ដែល​ដឹកនាំ​ចលនា​ដណ្ដើម​ដី​រដ្ឋ​នេះ ជា​មន្ត្រី​នៅ​ក្នុងស្រុក​សំឡូត នេះ​តែ​ម្ដង ហើយ​ពេល​នេះ​វិធានការ​កំពុង​ដំណើរការ​ហើយ​» ៕

from: https://tnaot.com/km/m/detail/article/9660181