ខេត្តកណ្តាល ៖ ប្រភពព័ត៌មានច្បាស់ការណ៍បានលួចប្រាប់ឱ្យដឹង នៅថ្ងៃទី៤ កញ្ញានេះថា Aplus KTV នៅក្បែរអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងបើកច្រៀងរាំសប្បាយ ដែលកំពុងផ្គើនយ៉ាងខ្លាំង និងសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល និងជាពិសេសបានលួចបម្រើសេវាផ្លូវភេទថែមទៀតផង។
ប្រភពដដែលបន្តទៀតថា ប្រហែលម្ចាស់ទីតាំងមានខ្សែធំ បានហ៊ានបើកផ្គើនយ៉ាងនេះ ឬក៏អាជ្ញាធរបានដឹងហើយ ធ្វើមិនដឹង ។ ទីតាំងAplus KTV ខាងលើស្ថិតនៅក្បែរអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលចេញសេចក្ដីជូនដំណឹងលេខ ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ស្ដីពីការអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ(KTV)ទាំងអស់នៅខេត្តកណ្ដាល បើកដំណើរការឡើងវិញ ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ដោយប្រែក្លាយខារ៉ាអូខេ និងក្លឹបកំសាន្តទាំងអស់ទៅជាលក្ខណៈភោនីយដ្ឋាន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព