ទីក្រុង Toyama៖ មានឆ្មាមួយនៅកណ្តាលទីក្រុង Toyama ប្រទេសជប៉ុនត្រូវបានប៉ូលិសក្នុងតំបន់ផ្តល់កិត្តិយសក្នុងការជួយសង្គ្រោះបុរសចំណាស់ម្នាក់ដែលបានធ្លាក់ចូលទៅក្នុងលូទឹកស្អុយ។
កាលពីថ្ងៃទី១៦ ខែមិថុនា មានស្ត្រីចំណាស់អាយុ ៧៧ឆ្នាំម្នាក់បានដើរលេងកម្សាន្តនៅវេលាម៉ោង ៧៖៣០នាទីល្ងាចបានឃើញឆ្មាញីមួយក្បាលឈ្មោះ កូកូ ដែលជាឆ្មារបស់អ្នកជិតខាងកំពុងសម្លឹងមើលទៅក្នុងលូមួយហើយវាធ្វើសកម្មភាពចម្លែកៗ។ នៅពេលស្ត្រីចំណាស់នោះសម្លឹងមើលតាមសត្វឆ្មា គាត់ក៏បានប្រទះឃើញបុរសម្នាក់នៅក្នុងលូមួយទំហំ ៦០ស.ម ជម្រៅ ៤០ស.ម ហើយក្នុងនោះមានទឹកជម្រៅប្រហែល ១៥ស.មទៀត។
កូនស្រីរបស់ស្ត្រីវ័យចំណាស់ដែលនៅជិតនោះបានរកជំនួយពីអ្នកជិតខាងដើម្បីជួយសង្គ្រោះបុរសរងគ្រោះ ហើយភ្លាមៗនោះមានអ្នកឯទៀតជាច្រើនបានព្យាយាមជួយជនរងគ្រោះដែលក្នុងនោះរួមមានម្ចាស់របស់កូនឆ្មាកូកូផងដែរ។ អ្នកជិតខាងប្រហែល ៥នាក់នោះបានលើកបុរសរងគ្រោះចេញពីលូដោយសុវត្ថិភាព។ បើតាមការពិនិត្យបុរសចំណាស់រងគ្រោះមិនមានរបួសធ្ងន់ធ្ងរអ្វីក្រៅពីស្នាមជាំនៅលើខ្លួនបន្តិចបន្តួចនោះទេ។
ស្ថានីយ៍ប៉ូលិស Toyama Minami បានផ្តល់លិខិតសរសើរដល់អ្នកជិតខាងទាំង៥នាក់ កាលពីថ្ងៃសៅរ៍ ខណៈដែល កូនឆ្មាកូកូក៏ទទួលការកោតសរសើរហើយថែមទាំងទទួលបានអាហារសម្រាប់សត្វឆ្មាមួយចំនួនជារង្វាន់ផងដែរ។ ស្ត្រីជាម្ចាស់ឆ្មាឈ្មោះ Nitta លើកឆ្មាកូកូបីក្នុងដៃហើយបាននិយាយថា “ឆ្មានេះពិតជាធ្វើបានល្អណាស់ បើគ្មានកូកូរកឃើញជនរងគ្រោះនោះទេ គេក៏មិនមានការជួយសង្គ្រោះអ៊ំប្រុស(បុរសធ្លាក់ក្នុងលូ)ដែរ” ។ លោក Satoshi Nakada ប្រធានស្ថានីយ៍ប៉ូលិសក៏បាននិយាយផងដែរថា“ក្នុងចំណោមអ្នកទាំងអស់គ្នាឆ្មានេះក៏ជាអ្នកជិតខាងល្អដែរ ដែលបានជួយសង្គ្រោះជីវិតបុរសម្នាក់”។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post