ខេត្តបន្ទាយមានជ័យ ៖ ឈ្លោះប្រកែកគ្នាប្តីប្រពន្ធ ស្រាប់តែបុរសជាប្តីបានយកពូថៅកាប់បំផ្លាញខ្ទេចផ្ទះម្តាយក្មេក ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវបានម្តាយក្មេកប្តឹងឱ្យចាប់ខ្លួនបុរសជាកូនប្រសាបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ ឡុង ពុច ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ៖ ក្រោយទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ ទាវ សម្បត្តិ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិជាមួយគ្នាបានប្តឹងជនសង្ស័យដែលត្រូវជាកូនប្រសារថា ផឹកស្រាស្រវឹងហើយឈ្លោះប្រកែកជាមួយប្រពន្ធ រួចបានយកពូថៅកាប់បំផ្លាញផ្ទះរបស់គាត់ បណ្តាលឱ្យរងការខូចខាតដូចជាបង្អួច ទ្វារ និងសសរផ្ទះ ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើរួចមក កម្លាំងជំនាញចុះឃាត់ខ្លួនជនសង្ស័យដោយធ្វើការចោទប្រកាន់ប្រើហិង្សាលើគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាត ហើយត្រូវបាននាំខ្លួនជនសង្ស័យយកមកសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា មូលហេតុដែលខ្លួនកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះម្តាយក្មេក ព្រោះតែស្រវឹង ហើយខឹងប្រពន្ធ ទើបកាប់បំផ្លាញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់តែម្តង ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព