Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោស​នៃ​ការ​ឆី​បាយ​មុន​លោក

ពុទ្ធបរិស័ទ​ទាំងឡាយ​ធ្លាប់​បានឮ​ហើយ​នូវ​ពាក្យ​ខាងលើ​នេះ ដែល​អ្នកស្រុក​តែង​និយាយ​ថា «​កុំ​ស៊ី​បាយ​មុន​លោក​ប្រយ័ត្ន​បាប​» តើ​ពាក្យ​នេះ​ជា​ការ​ពិត ឬ​ក៏​យ៉ាងណា ? សូម​សាធុជន​ទាំងឡាយ​ឈ្វេងយល់​នូវ​អត្ថន័យ​ដែល​មាន​ពិតប្រាកដ​ជាក់​ដូច​តទៅ​៖

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា បាន​និយាយ​ពី​រឿង​ពួក​ប្រេត​របស់​ព្រះបាទ​ពិម្ពិសារ​មួយ​ក្រុម បាន​បំពេញ​ទាន​មាន​វត្ថុ​មិន​ស្អាត​បរិសុទ្ធ ពោល​គឺ​ស៊ី​បាយ​មុន​លោក លុះ​ធ្វើ​មរណកាល​ទៅ​បាន​ទៅ​កើត​ក្នុង​បេ​ត​វិស័យ គឺ​កើតជា​ប្រេត សោយទុក្ខ​វេទនា​អស់​កាល​ដ៏​យូរអង្វែង គឺ​តាំងពី​មុន​ភទ្ទកប្ប​យើង​នេះ​ទៅ​ទៀត ។ លុះ​មក​ដល់​ភទ្ទកប្ប​យើង​នេះ​មាន​ព្រះពុទ្ធ​ត្រាស់​ដឹង​ធម៌​ប្រាំ​ព្រះ​អង្គ​គឺ កុក្ក​សន្ធោ កោ​នាគ​មនោ កស្ស​បោ សមណគោត្តម និង​អរិយ​មេ​ត្តេ​យ្យ ។ នៅ​សល់​តែ​មួយ​ព្រះ​អង្គ​ទៀត​ដែល​មិន​ទាន់​បាន​ត្រាស់ គឺ​ព្រះ​អរិយ​មេ​ត្តេ​យ្យ ដែល​លោក​កំពុង​បំពេញ​បារមី​នៅ​ឋាន​តុសិត​សព្វ​ថ្ងៃនេះ ។

ព្រះពុទ្ធ​ព្រះ​នាម​កុក្ក​សន្ធោ បាន​ត្រាស់​ដឹង​ឡើង​មុនគេ​ក្នុង​ភទ្ទកប្ប​នេះ ពួក​ប្រេត​ទាំងនោះ​ក៏​នាំ​គ្នា​ទៅ​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចុះ​យើងខ្ញុំ​ទាំងឡាយ​កាលណា​ទើបបាន​អាហារ​បរិភោគ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ចាំ​សួរ​ព្រះពុទ្ធ​ជាន់ក្រោយ​ចុះ ក្នុង​សាសនា​តថាគត​នេះ​អ្នក​ទាំងឡាយ​មិន​ត្រូវ​បាន​អាហារ​បរិភោគ​ទេ​។ លុះ​ផែនដី​ដុះ​បាន​មួយ​យោជន៍​ឡើង ព្រះពុទ្ធ​ព្រះ​នាម​កោ​នាគ​មនោ​បាន​ត្រាស់​ដឹង ពួក​ប្រេត​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ទៅ​សួរ​ទៀត ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដូច​ព្រះពុទ្ធ​មុន​ដែរ ។ លុះដល់​ព្រះពុទ្ធ​ព្រះ​នាម​សមណគោត្តម​យើង​នេះ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​បាន​នាំ​គ្នា​ទៅ​សួរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ត្រាស់​ថា អ្នក​ទាំងឡាយ​ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថាគត​នេះ​ហើយ តែ​ចាំ​មើល​ពេល​ណា​ដែល​ព្រះបាទ​ពិម្ពិសារ​ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ថ្វាយ​ទាន​ដល់​តថាគត​នឹង​ញ៉ាំង​អាហារ​ឱ្យ​សម្រេច​ដល់​អ្នក​ទាំងឡាយ អ្នក​ទាំងឡាយ​នឹង​បាន​អាហារ​បរិភោគ​ក្នុង​ពេល​នោះ ។

លុះ​ព្រះបាទ​ពិម្ពិសារ​បាន​ថ្វាយ​ទាន​ក្នុង​ថ្ងៃ​ដំបូង ហើយ​មិន​បាន​ផ្សាយ​ផល​ទៅ​ឱ្យ​ពួក​ញាតិ ក៏​ស្រាប់តែ​ពួក​ប្រេត​ទាំងឡាយ​នោះ​យំ​ស្រែក​ទ្រហឹងអឺងកង​ក្នុង​រាត្រី​នោះ ជា​សំឡេង​គួរ​ឱ្យ​ព្រឺព្រួច​ភ័យ​ខ្លាច​ពេក​ណាស់ ដែល​ស្ថិត​នៅ​ពាសពេញ​ព្រះរាជ​ដំណាក់ ។ លុះ​ព្រឹក​ឡើង​ព្រះបាទ​ពិម្ពិសារ​ក៏​បាន​យាង​ទៅ​កាន់​វត្ត​វេឡុវ័ន ហើយ​សួរ​ព្រះ​សម្ពុទ្ធ​ពី​ហេតុការណ៍​យប់​នោះ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះ​អង្គ​នាំ​គ្នា​យំ​ស្រែក​រក​អាហារ ព្រោះ​ពួក​ប្រេត​ទាំងនោះ​ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថាគត​នេះ​ហើយ​។ ព្រះរាជា​គ្រាន់តែ​បានដឹង​ហេតុ​យ៉ាង​ដូច្នេះ​ហើយ ក៏​បាន​ចាត់ចែង​ធ្វើបុណ្យ​ទាន​ម្តងទៀត​មាន​បាយ ទឹក នំចំណី ត្រី សាច់ សំពត់​អាវ​ស្បៃ​ជាដើម​ដល់​ព្រះសង្ឃ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ព្រះ​អង្គ​ក៏​បាន​អនុមោទនា​ដោយ តិរោកុឌ្ឌសូត្រ ស្រេច​ហើយ ពួក​ប្រេត​ទាំងនោះ​ក៏​ទទួលផល​ក្នុង​ពេល​នោះ ហើយ​ក៏​បាន​រួច​ចាក​អំពី​ប្រេតវិស័យ​ទៅ​កើត​ក្នុង​សុគតិភព​អស់​ទៅ ។

រឿង​នេះ​លើកយក​មក​បំភ្លឺ​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​ជាមួយ​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ជា​រឿង​ដែល​គួរ​យក​ជា​ប្រមាណ​ក្នុង​កិច្ច​កុសល​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ដែល​ស្លាប់​ទៅ​មិនមែន​សុទ្ធតែ​ចាប់កំណើត​ជា​ប្រេត​ទាំង​អស់នោះ​ទេ អ្នក​ធ្វើ​ល្អ​តែង​ទៅ​កើត​ក្នុង​សុ​គិត​ភព​មាន​ឋាន​ទេវលោក​ជាដើម ហើយ​កុស​លផល​បុណ្យ​ដែល​ញាតិ​ធ្វើ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ក៏​ទៅ​ជួយ​សណ្តោង​លើក​អ្នក​ល្អ​ទាំងនោះ​ឱ្យ​រឹងរឹតតែ​សុខ​ចម្រើន​ទ្វេ​ឡើង​ថែម​ទៀត សូមកុំ​មាន​ទស្សនៈ​យល់​ច្រឡំ ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9659896