ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនឡើងដល់១២នាក់។ ឃើញដូចនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យពលរដ្ឋភ្ញាក់រឮកការពារខ្លួនតាមការណែនាំរបស់ក្រសួង។ លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង បញ្ជាក់ថា ប្រជាពលរដ្ឋត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មី។
នៅថ្ងៃទី២៨ មិថុនានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងតាមសេចក្តីប្រកាសព័ត៌មាន អំពាវនាវហើយអំពាវនាវទៀតដល់ប្រជាពលរដ្ឋ ឲ្យបន្តកិច្ចការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឲ្យស្របតាម ការរស់នៅធម្មតា តាមបែបគន្លងថ្មី។
លោករដ្ឋមន្ត្រីថា ភាពធ្ងន់ធ្ងរនៃកូវីដ១៩ មិនត្រូវមើលរំលងនោះទេ ព្រោះកូវីដ១៩ អាចវ៉ៃលុកផ្លូវដង្ហើមយ៉ាងសាហាវ ដែលធ្វើឲ្យមនុស្សពិបាកដកដង្ហើម និងឈានដល់ការស្លាប់។
ជាការកត់សម្គាល់ នៅលើពិភពលោកបច្ចុប្បន្ន គេមិនទាន់រកឃើញ វ៉ាក់សាំងការពារកូវីដ១៩ នៅឡើយទេ ហើយប្រទេសជាច្រើនកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរ ទៀតផង។ ប៊ុនធឿន