នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃនៅរក្សាចំនួន ៣ ១៦២នាក់ និងអ្នកស្លាប់សរុបចំនួន ៥៨នាក់ដដែល។
គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៣៤ថ្ងៃហើយដែលគ្មានអ្នកឆ្លងជំងឺក្នុងតំបន់។ លោក Sophon Iamsirithavorn ប្រធានមជ្ឈមណ្ឌលនៃផ្នែកជំងឺឆ្លងបានមានប្រសាសន៍ថា ប្រជាជនត្រូវតែបន្តការពារខ្លួនពីការឆ្លងមេរោគដោយពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីគ្នាដូចមុន។
លោកបានបន្ថែមថា ប្រជាជនថៃជាច្រើននឹងវិលត្រឡប់ពីបរទេសមកស្រុកកំណើតវិញជាបន្តបន្ទាប់ ហើយពួកគេនឹងត្រូវឆ្លងកាត់ដំណើរការនៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ពលរដ្ឋថៃដែលមានគម្រោងត្រឡប់មកស្រុកកំណើតវិញមានដូចជា អ្នកមកពីប្រទេសបារ៉ែន អាហ្វ្រិកខាងត្បូង ហូឡង់ សិង្ហបុរី និងអូស្ត្រាលីនៅថ្ងៃអាទិត្យ ហើយអ្នកផ្សេងទៀតដែលមកពីប្រទេសគុយវ៉ែត កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនិងមកវិញនៅថ្ងៃចន្ទ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post