នៅម៉ោងប្រមាណជា១២ និង៣០នាទីរំលងអធ្រាត្រ មានមនុស្សចំនួន ៧នាក់ បានរងរបួសនៅខេត្ត Chon Buri បន្ទាប់ពីអ្នកបើករថយន្ដដឹកទំនិញមួយគ្រឿងបើកលើផ្លូវហើយបត់ត្រឡប់មកវិញភ្លាមៗ រួចហើយក៏ជ្រុលចង្កូតទៅបុកអ្នកបើកម៉ូតូផ្សេងទៀតដែលនៅអែបខាងផ្លូវ។
តាមព័ត៌មានបឋមបានឱ្យដឹងថា មានម៉ូតូចំនួន៦គ្រឿង រថយន្តដឹកទំនិញចំនួន២គ្រឿងបានរងការខូចខាត និងមនុស្ស៧នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ ជនបង្កហេតុមានឈ្មោះថា Chatchai Rueangrit អាយុ ២៩ឆ្នាំ មានរបួសស្រាល ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលឃុំ Laem Chabang ដើម្បីប្រឈមមុខនឹងនីតិវិធីច្បាប់។ សាក្សីបានប្រាប់អ្នកសារព័ត៌មានថា កន្លែងកើតហេតុមានផ្លូវបំបែកជាបួនដែលមានផ្លាកសញ្ញាផ្លូវបត់រាងអក្សរ U នៅចំកណ្តាលទ្រូងផ្លូវ។ ជនបង្កហេតុលោក Chatchai បានបើកបរដល់ផ្លូវដែលត្រូវបត់ ហើយលោកបានបត់ឡានដោយមានទិសដៅត្រឡប់ក្រោយវិញ ប៉ុន្តែជ្រុលចង្កូតទៅបុកដល់អ្នកបើកបរម៉ូតូនៅលើចិញ្ចើមផ្លូវឯទៀត។ លើសពីនេះឡានបង្កហេតុបានជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតដែលចតនៅក្បែរនោះ។
ភាគីរងរបួសមានអាយុចន្លោះពី ២២ ដល់ ៣០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។ ប៉ូលិសនឹងបន្តការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះដោយសម្ភាសសាក្សីដែលនៅក្បែរនោះ និងអ្នករងរបួសដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្នជនបង្កហេតុកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news