បរទេស ៖ សហព័ន្ធបាល់ទាត់អង់គ្លេស (FA) និងប្រេស៊ីល (CBF) បានធ្វើការប្រកាសដូចគ្នាកាលពីថ្ងៃពុធ អំពីការអនុវត្ត ការបើកប្រាក់ឈ្នួលស្មើគ្នា ដល់កីឡាករបាល់ទាត់ផ្នែកបុរស និងនារីរបស់ខ្លួន។
FA បានបង្ហើបប្រាប់ Sky Sports ថាខ្លួនបានចំណាយប្រាក់ឈ្នួលឲ្យក្រុមបុរស និងនារី ស្មើគ្នាទាក់ទងនឹងថ្លៃការប្រកួត និងប្រាក់រង្វាន់ចាប់តាំងពីខែមករាមកម្ល៉េះ ដោយថ្លៃនោះ ត្រូវបានគេដឹងថាប្រហែល ១០០០ផោនក្នុងមួយប្រកួត។ ខណៈដែល CBF នឹងចាប់ផ្តើមអនុវត្តលក្ខខណ្ឌនេះ សម្រាប់ការប្រកួតអូឡាំពិកនៅឆ្នាំក្រោយ ក៏ដូចជាការប្រកួតបាល់ទាត់ពិភពលោកនាពេលអនាគត។
អង់គ្លេស និងប្រេស៊ីល គឺជាផ្នែកមួយនៃប្រទេសមួយចំនួន ដែលបានជ្រើសរើសការចំណាយប្រាក់ឈ្នួលស្មើគ្នាលើកីឡាករបរុស និងនារីរបស់ពួកគេ ដោយក្នុងនោះរួមមានទាំងអូស្ត្រាលី, ន័រវែស និងនូវែលសេឡង់។
កាលពីឆ្នាំមុនម្ចាស់ជើងឯកពានរង្វាន់ពិភពលោកផ្នែកនារី គឺសហរដ្ឋអាមេរិក បានប្តឹងសហព័ន្ធរបស់ពួកគេ ដោយចោទប្រកាន់ពីការរើសអើងចំពោះប្រាក់ខែ និងលក្ខខណ្ឌផ្សេងៗទៅនឹងក្រុមបុរស។ក្រុមនេះបានប្តឹងឧទ្ធរណ៍កាលពីដើមឆ្នាំនេះ បន្ទាប់ពីចៅក្រមបានច្រានចោលករណីរបស់ពួកគេ។
ជម្លោះដ៏យូរអង្វែងរបស់ក្រុមដែលឈ្នះជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៩ បានធ្វើការលាតត្រដាងជាសាធារណៈ ពីភាពល្វីងជូរចត់កាលពីពេលកន្លងមក។ ហើយកីឡាករទាំងអស់ បានកំពុងស្វែងរកដំណោះស្រាយលើប្រាក់សំណងចំនួន ៦៦ លានដុល្លារពីការខូចខាតក្រោមច្បាប់សិទ្ធិស្មើភាពគ្នា៕