ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា នៅតែមានសង្ឃឹមអាចចុះហត្ថលេខាយកខ្សែបម្រើកណ្តាល Declan Rice កីឡាកររបស់ក្លិប West Ham នៅរដូវក្តៅនេះ។
យោងតាមកាសែតកីឡា The Sun បានអះអាងថា Chelsea នឹងអាចយកបានខ្សែបម្រើកណ្តាល Rice ទៅលេងនៅរដូវកាលក្រោយ ប្រសើនបើពួកគេហ៊ានចំណាយមិនក្រោមពី ៤០លានផោន ឬប្រមាណ ៤៩លានដុល្លារ។ មែទែនទៅ Chelsea ធ្លាប់ដាក់សំណើផ្ទេរកីឡាកររូបនេះម្តងរួចមកហើយ ប៉ុន្តែពេលនោះក្លិប West Ham មិនមានបំណងលក់ក្នុងតម្លៃដែលផ្តល់ឱ្យទាបពេកទេ។
យ៉ាងណាមិញកុងត្រារបស់គេជាមួយក្លិបនៅមានរយៈពេលវែង ពោលគឺរហូតដល់ឆ្នាំ២០២៤ ឯណោះ ម្ល៉ោះហើយអ្នកចាត់ការទូទៅលោក Lampard កំពុងរៀបចំសំណើមួយដែលត្រូវបានគេរាយការណ៍មានទំហំទឹកប្រាក់ ៤៥លានផោន ឬប្រមាណ ៥៥លានដុល្លារ ដើម្បីផ្ទេរយកកីឡាករអន្តជាតិអង់គ្លេសវ័យ ២១ឆ្នាំ មកកាន់ទឹកដី Stamford Bridge រដូវកាលក្រោយ។
គួរឱ្យដឹងដែរថា កន្លងទៅនេះ Chelsea ទើបតែចុះហត្ថលេខាបានកីឡាករពីររូបមកពីក្លិបពីរផ្សេងគ្នា គឺខ្សែបម្រើ Hakim Ziyech កីឡាកររបស់ក្លិប Ajax និងខ្សែប្រយុទ្ធ Timo Werner កីឡាករក្លិប RB Leipzig៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thesun