(កំពង់ចាម) ៖ យោងតាមលិខិតរបស់ប្រធានមន្ទីរ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះសម្រាបស្នើសុំឲ្យម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ ធ្វើការរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោ ហើយពុះតួប៉មប្រាសាទញ៉ែកចេញជា២ចំណែក ដែលមានទីតាំងនៅក្នុងភោជនីយដ្ឋាន ស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងការិយាល័យនគរបាលបេតិកភណ្ឌខេត្តកំពង់ចាម បានចុះត្រួតពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញជាពីរចំណែក ។
ហេតុដូច្នេះ មន្ទីរស្នើអោយម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានភាព ឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃជម្រាបជូននេះ៕