ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូនភ្នាក់ងារទៅប្រទេសអ៊ីតាលី ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Arkadiusz Milik ដែលជាកីឡាករបស់ក្លិប Napoli ឱ្យផ្លាស់មកអេស្ប៉ាញនៅរដូវក្តៅខាងមុខ។
យោងតាមកាសែត AS បានអះអាងថា Atletico ចង់ចុះហត្ថលេខាយកខែ្សប្រយុទ្ធដែលមានបទពិសោធន៍រូបនេះ មកជួយពង្រឹងនៅតំបន់ប្រយុទ្ធបន្ថែម ដោយសន្យាឱ្យប្រាក់បៀវត្សខ្ពស់ជាងពេលដែលលេងនៅក្លិប Napoli ផ្តល់ជូនកន្លងមក។
កីឡាករអន្តរជាតិប៉ូឡូញវ័យ ២៦ឆ្នាំ រកបាន ១៣គ្រាប់ ក្នុងរដូវកាលនេះឱ្យក្លិប Napoli នៅក្របខ័ណ្ឌអ៊ីតាលី Serie A។ យ៉ាងណាមិញ Atletico អាចប្រឈមនឹងការប្រជែងខ្ពស់ពីសំណាក់ក្លិប Juventus ដែលកំពុងដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែប្រយុទ្ធរូបនេះដូចគ្នា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia