សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ស្អែកនេះ
(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តម ផៃ ស៊ីផាន បន្តថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី០៤កញ្ញា នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ ស្តីពី មូលបត្ររដ្ឋ
២- សេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា
៣.២-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន
៣.៣-សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀង ស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
៣.៤-សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្ដីពី សេវាកម្ម
៣.៥-សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្ដីពី ការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕