ស្ថាបត្យកម្ម គឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត។ ប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា សិល្បៈខាងសំណង់របស់ខ្មែរ គឺមានកំណើតឡើងតាំងពីសម័យហ្វូណន ឬនគរភ្នំមកម្ល៉េះ ស្នាដៃសិល្បៈនៃសំណង់ទាំងនេះ ចេះតែវិវត្តជាបន្តបន្ទាប់រហូតដល់ចុងសម័យអង្គរ។
នៅសម័យក្រោយអង្គរ សិល្បៈនៃសំណង់ខ្មែរ ហាក់មានការខុសប្លែក និងប្រែប្រួលបើធៀបជាមួយសំណង់ប្រាសាទនានាកាលពីសម័យបុរាណដូចយើងឃើញសំណង់វត្តអារាម ឬព្រះបរមរាជវាំងជាដើម។ យ៉ាងណាបើគេសង្កេតនៅលើជញ្ជាំងប្រាសាទ តួយ៉ាងដូចជាបាយ័ន ជាដើមគេឃើញចម្លាក់ រោង, អាស្រម, សាលារៀន, សាលាសំណាក់ ឬទីតាំងប្រារព្ធពិធីនានា មិនខុសគ្នាពីសំណង់វត្តអារាមនាពេលបច្ចុប្បន្ននោះទេ។
អ្នកប្រវត្តិសាស្ត្រគិតថាស្ថាបត្យកម្មសម័យក្រោយអង្គរគឺពិតជារងឥទ្ធិពល និងបន្តសាងសង់តាំងពីសម័យដើមមកយ៉ាងពិតប្រាកដ គ្រាន់តែដូនតាខ្មែរសម័យក្រោយៗលែងប្រើប្រាស់ថ្ម ឬប្រើតិចតួច និងជំនួសមកវិញដោយវត្ថុធាតុឆាប់ពុកផុយដូចជា ឈើ, ឫស្សី, ស្បូវ, ស្លឹកត្នោត ដើម្បីសាងសង់ទើបសំណង់សម័យក្រោយអង្គរ (ចតុម្មុខ, លង្វែក, ឧត្តុង្គ) នៅសេសសល់តិចតួច ឬសឹងតែបាត់ដានតែម្ដង៕