រថយន្ត Ford F-150 Raptor ស៊េរីថ្មីឆ្នាំ២០២១ បានខិតជិតមកដល់ហើយ គ្រាន់តែមិនទាន់ដឹងច្បាស់អំពីពេលវេលាជាក់លាក់ប៉ុណ្ណោះ ។ រថយន្តនេះ មើលទៅកំណាចអស្ចារ្យ។
អ្នកនាំពាក្យរថយន្តក្រុមហ៊ុន Ford អ្នកស្រី Dawn McKenzie បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន Motor Authority ផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ថា រថយន្តភីកអាប់ដែលមានសមត្ថភាពខ្លាំងអស្ចារ្យ ជាពិសេសការបើកបរនៅលើផ្លូវលំបាកនោះ អាចនឹងមកដល់ឆាប់ៗនេះក្នុងឆ្នាំ២០២១នេះ ។ អ្នកស្រីថា «យើងនឹងណែនាំ Raptorថ្មីមួយ។ យើងនឹងចែករំលែកបន្ថែមទៀត នៅពេលក្រោយ» ។
ប្រភព Motor Authority បានផ្សាយទៀតថា រថយន្ត F-150 Raptor ស៊េរីថ្មី គឺច្បាស់ដូចព្រះអាទិត្យរះនៅពេលព្រឹកនោះហើយ ទោះបីជាមនុស្សជាច្រើនទស្សន៍ទាយថា ការមកដល់របស់រថយន្តដឹកទំនិញនេះ ប្រហែលអូសបន្លាយពេលមួយឆ្នាំទៀតក៏ដោយ ទម្រាំវាមកដល់នោះ ។ រឿងដូចគ្នានេះ គឺធ្លាប់បានកើតឡើងចំពោះរថយន្ត Ford Raptor ជំនាន់ចុងក្រោយ កាលណោះ Ford Raptor ប្រកាសថា បង្ហាញខ្លួននៅក្នុងឆ្នាំ២០១០ ប៉ុន្តែគេចាំរហូតដល់ឆ្នាំ២០១១ ទើបវាបានមកដល់ជាក់ស្តែង ។
មិនមានព័ត៌មានត្រូវបានគេផ្សព្វផ្សាយទូលំទូលាយអំពីរថយន្ត Ford F-150 Raptorស៊េរីថ្មីនោះឡើយ ។ ដៃគូប្រជែងរបស់ F-150 Raptor គឺ Ram TRXបានប្រកាសគម្រោងចេញសម្ពោធឆាប់ៗរបស់ខ្លួន ដំណាលគ្នាជាមួយរថយន្ត Fordនេះផងដែរ ។
រថយន្ត Ford F-150 Raptor ត្រូវគេដឹងថា បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-Turbo V-6 កម្លាំង៤៥០សេះ ។ ចំណែកដៃគូប្រជែងវិញ គឺ Ram TRX បំពាក់ម៉ាស៊ីនចំណុះ ៦,២ លីត្រ Supercharged V-8 កម្លាំង៧០៧ សេះ ។
ការប្រណាំងប្រជែងគឺគ្មានទីបញ្ចប់នោះទេ ដោយពាក្យចរចាមអារ៉ាមពីក្រុមហ៊ុន Ford ស្នាក់ការកណ្តាលនៅទីក្រុង Dearborn ដែលផលិតរថយន្តភីកអាប់នោះ បានបញ្ជាក់ថា ម៉ាស៊ីន V-8 ចំណុះ ៥,២ លីត្ររបស់ខ្លួនអាចលេចចេញជារូបរាងនៅលើ Raptorស៊េរីនាពេលខាងមុខ ៕ ប្រែសម្រួលដោយ៖ thach yat