រាជធានីភ្នំពេញ ៖ ក្រោយបង្ហាញវត្តមាននៅកម្ពុជា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្កើតព្រឹត្តិការណ៍ជាច្រើនដើម្បីឱ្យមានការចាប់អារម្មណ៍ ក៏ដូចជាដើម្បីឱ្យវិស័យមួយនេះ មានការឈានឡើង ។ ក្រៅពីបណ្ដុះបណ្ដាលកីឡាករជំនាញៗផ្នែកបុរស សហព័ន្ធក៏ប្រកាសជ្រើសរើសកីឡាការិនីចំនួន២រូប ដើម្បីចូលរួម ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ក៏ដូចជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Beach Games 2021 នៅ ប្រទេស ចិន នាឆ្នាំ២០២១ ខាងមុខផងដែរ។
សាលី អ៊ូម៉ើត ដែលជាកីឡាករឆ្នើមរបស់ កម្ពុជា និងតំណាងឱ្យសហព័ន្ធ បានបង្ហាញ ពីការតាំងចិត្តក្នុងការជួយបង្វឹកដល់កីឡាការិនី មួយចំនួនដើម្បីស្វែងរកកីឡាការិនី២រូបឱ្យតំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើនេះ ។ លោកថាគម្រោងស្វែងរកកីឡាការិនីនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Asian Beach Games 2021 ដែលរៀបចំឡើងនៅក្នុងប្រទេសចិន បានស្នើឱ្យកម្ពុជាបញ្ជូនកីឡាការិនី២រូបក្នុងនាមជាសមាជិកសហព័ន្ធម៉ូតូទឹកអន្តរជាតិ ចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសមួយចំនួនទៀត ។
នៅមិនទាន់ដឹងថា ប្រទេសចិននឹងកំណត់យកការប្រកួតមួយនេះឱ្យច្បាស់លាស់នៅក្នុងអំឡុងខែណានៅឆ្នាំ២០២១នោះទេ ដោយសារតែបញ្ហាកូវីដ-១៩ គឺនៅតែអាចឱ្យចិនកំណត់មិនបាន និងអាចបន្តលើកពេលប្រសិនបើនៅតែបន្តអូសបន្លាយ ។ លោកថា ភាគីចិន បានតម្រូវឱ្យកម្ពុជាផលិតកីឡាការិនី២រូបដើម្បីត្រៀមចូលរួម ដូច្នេះ ទោះជាការប្រកួតនៅក្នុងព្រឹត្តិការណ៍នោះ លើកពេលនិងអាចប្រែប្រួល តែកម្ពុជាក៏គួរតែមានកីឡាករជានារីផ្នែកជិះម៉ូតូលើទឹកដើម្បីបង្អួតអន្តរជាតិផងដែរ ដោយសារតែអន្តរជាតិធ្លាប់បានស្គាល់ពីសក្ដានុពលរបស់កម្ពុជា លើផ្នែកនេះកន្លងមកមកហើយ ដែលកម្ពុជាមិនគួរខកខាន។
លោកថា កម្ពុជាគួរតែត្រៀមខ្លួននៅក្នុងវិស័យនេះ ជាពិសេសគួរតែមានកីឡាការិនីសម្រាប់សហព័ន្ធ ទើបលោកប្រកាសទទួលបណ្ដុះបណ្ដាល ។ លោកមិនមែនទទួលបង្ហាត់តែនារីនោះទេ បុរសដែលមានឆន្ទៈក៏នឹងបង្ហាត់ផងដែរ ដើម្បីឱ្យក្នុងសហព័ន្ធមានកីឡាករ ក៏ដូចជាមានធនធានគ្រប់គ្រាន់ សម្រាប់កីឡាប្រណាំងម៉ូតូលើទឹក ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។
ម្យ៉ាងកីឡាមួយប្រភេទនេះ កំពុងមានការរីកចំរើននៅតាមបណ្ដាប្រទេសមួយចំនួន ទើបលោកថា បើកម្ពុជាមានធនធានអ្នកប្រកួតគ្រប់គ្រាន់ គឺមិនខ្វះព្រឹត្តិការណ៍ចេញប្រកួតនោះទេ ។ ការបណ្ដុះបណ្ដាលអ្នកចំណូលថ្មីនេះ ក៏បង្ហាញយ៉ាងច្បាស់ថា សហព័ន្ធទាំងមូលមានការយកចិត្តទុកដាក់ និងកំពុងបោះជំហានក្នុងការប្រកួតប្រជែង ក៏ដូចជាលើកមុខលើកមាត់កម្ពុជាឱ្យមហាជន និងពិភពលោកបានស្គាល់ពីកីឡានេះផងដែរ ។
គួរបញ្ជាក់ថា កីឡាករ សាលី អ៊ូម៉ើត គឺជាម្ចាស់មេដាយមាសរបស់កម្ពុជាក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ (2018 Asia Games) ។ កីឡាករឆ្នើមរូបនេះបានបង្ហាញនូវការតាំងចិត្តក្នុងការចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់កីឡាការិនីទាំង២រូបនិងមិត្តរួមអាជីពដទៃទៀតដើម្បីបន្តនាំយកកិត្តិយសមកជូនជាតិ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព