រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងម៉ឺន មេឃា មកពីក្លិបមជ្ឈមណ្ឌលកងយោធពលខេមរៈភូមិន្ទ ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាមួយកីឡាករជើងខ្លាំងវ័យក្មេងដូចគ្នាគឺកីឡាករ ឈុត សេរីវណ្ណថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង ក្នុងកម្មវិធីប្រដាល់ដណ្ដើមប្រាក់លានពីក្រុមហ៊ុនខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ីនាថ្ងៃសៅរ៍ ទី៥ កញ្ញា សប្ដាហ៍នេះ ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើរវាងកីឡាករជើងខ្លាំងទាំងពីរមួយណាសម្រេចគោលដៅដណ្ដើមបានប្រាក់លាន។
គូនេះធ្លាប់ប៉ះគ្នាជាច្រើនលើករួចមកហើយ គឺមានចាញ់-ឈ្នះគ្នាទៅវិញទៅមក ដូច្នេះហើយទើបគណៈកម្មការរៀបចំការប្រកួតរៀបចំឱ្យពួកគេទាំងពីរបានជួបគ្នាម្ដងទៀតដើម្បីចង់ដឹងថា អ្នកណាជាជើងខ្លាំងពិតប្រាកដ ។ ទោះបីជាយ៉ាងណា គូនេះសុទ្ធតែត្រូវបានអ្នកគាំទ្ររបស់ខ្លួនផ្ដល់ទំនុកចិត្តខ្ពស់ដូចគ្នា ។ កីឡាករ ម៉ឺន មេឃា ក្បាច់ប្រយុទ្ធរបស់គេល្អ ទាំងស្នៀតកែងនិងជង្គង់អាចធ្វើការវាយចេញបានរហ័សនិងចំគោលដៅល្អទៀតផង ។ ចំណែកកីឡាករ ឈុត សេរីវណ្ណថង វិញក្បាច់គុនរបស់គេក៏មិនចាញ់ ម៉ឺន មេឃាប៉ុន្មានដែរ ហើយថែមទាំងមានចិត្តអំណត់ទៀតផង ។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ ពួកគេទាំងពីរនឹងមានការប្រុងប្រយ័ត្នជាងមុន ព្រោះជាការប្រកយតដណ្ដើមប្រាក់លានដែលកីឡាករគ្រប់រូបប្រាថ្នាចង់បាន។
ការប្រកួតកន្លងមកសុទ្ធតែចាញ់ឈ្នះគ្នាទាំងប្រផិតប្រផើយ ធ្វើឱ្យចៅក្រមកាត់ក្ដីឈឺក្បាលយ៉ាងខ្លាំង ព្រោះបើមិនប្រយ័ត្នទេនោះច្បាស់ជាត្រូវរងការរិះគន់ពីអ្នកគាំទ្រទាំងសងខាងមិនខាន។
ចំណែកគូប្រកួតដណ្ដើមប្រាក់លានមួយគូទៀតគឺជាការជួបគ្នារវាងកីឡាករ ធន់ ស៊ីហុងមកពីក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ប៉ះជាមួយកីឡាករ រិន ដេវីដ មកពីក្លិបនាគរាជចតុមុខ ។ គូនេះសុទ្ធតែជាអ្នកប្រដាល់ជើងថ្មីដូចគ្នា ហើយថែមទាំងមិនធ្លាប់ជួបប្រកួតគ្នាពីមុនមកទៀតផង ។ ដូច្នេះអត់មានអ្នកណាហ៊ានទាយទុកមុនពីលទ្ធផលចាញ់-ឈ្នះឡើយ ពោលគឺស៊ីសងលើការប្រកួតជាក់ស្ដែងប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព