ជប៉ុន ៖ មន្ត្រីផ្លូវការមួយរូបរបស់ជប៉ុនបានបញ្ជាក់នៅថ្ងៃពុធនេះថា គណបក្សកាន់អំណាចរបស់ជប៉ុននឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីរកអ្នកជំនួសតំណែងនាយករដ្ឋមន្ត្រី Shinzo Abe ខណៈដែលប្រធានលេខាធិការខុទ្ទកាល័យ Yoshihide Suga កំពុងតែមានភាពលេចធ្លោ។
ការបោះឆ្នោតនៅក្នុងសភាដែលត្រូវបានគេរំពឹងថា នឹងគាំទ្រមេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី ទំនងជានឹងធ្វើឡើងនៅពេលបន្ទាប់នៅថ្ងៃទី១៦ ខែកញ្ញា។
នាយករដ្ឋមន្ត្រីថ្មីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដែលរួមមានចាប់ពីជំងឺរាតត្បាតកូវីដ១៩ រហូតដល់បញ្ហាសេដ្ឋកិច្ចយ៉ាងស្មុគស្មាញ ក៏ដូចជាត្រូវធានាថាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេល អាចបន្តទៅមុខបាន។ អ្នកសំខាន់ៗក្នុងគណបក្សនេះ បានជឿជាក់ និងគាំទ្រលោក Suga រួចស្រេចទៅហើយ មុនពេលរៀបចំការបោះឆ្នោត។
បេក្ខជនពីររូបទៀត គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Shigeru Ishiba និង ប្រធានគោលនយោបាយរបស់គណបក្ស គឺលោក Fumio Kishida បានប្រកាសថា នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីជប៉ុន Abe បានប្រកាសថា នឹងលាលែងពីតំណែង ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព