ប្រទេសអ៊ីតាលី ៖ បណ្ដាសារព័ត៌មានអ៊ីតាលីប្រកាសនាថ្ងៃទី២ កញ្ញា ថា អ្នកនយោបាយដែលមានឈ្មោះល្បីល្បាញម្នាក់ និងពោរពេញដោយភាពចម្រូងចម្រាស់ដែររបស់អ៊ីតាលី និងជាអតីតប្រមុខរដ្ឋាភិបាលអ៊ីតាលី លោកស៊ីលវីយ៉ូប័រលូស្កូនីបានឆ្លងវីរុស COVID-19 ក្រោយធ្វើតេស្ត២លើកមានលទ្ធផលវិជ្ជមានមក។
តាមប្រភពគណបក្សលោកគឹគណបក្សFORZA ITALIAថា លោកប័រលូស្កូនីអាយុ៨៤ឆ្នាំ បន្តធ្វើការពីនិវេសនដ្ឋានរបស់លោកនៅ ARCOREជាសង្កាត់មួយស្ថិតនៅជិតក្រុងមីឡាន កន្លែងដែលលោកស្ថិតនៅដាច់ពីគេ។ លោកស៊ីលវីយ៉ូប័រលូស្កូនី បានធ្វើតេស្តលើកទីមួយ កាលពីថ្ងៃទី២៥ សីហា តែមានលទ្ធផលអវិជ្ជមាន។ បន្ទាប់មកលោកបានធ្វើតេស្តបន្តបន្ទាប់ ក្រោយពីបណ្ដាមនុស្សដែលលោកបានប៉ះពាល់នៅ SARDAIGNE រកឃើញឆ្លងវីរុស ពិសេសលោក FLAVIO BRIATORE ពាណិជ្ជករជាថៅកែក្លឹបរាត្រីលំដាប់ VIP នៅ SARDAIGNE ដោយក្លឹបនោះបានត្រូវបិទទ្វារ កាលពីខែសីហា។ និយោជិតក្លឹបនោះ៦នាក់បានឆ្លងវីរុសនេះ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព