ភ្នំពេញ ៖ យុវជនម្នាក់ ច្របាច់កស្ត្រីម្នាក់ កំពុងអង្គុយលក់ចាប់ហួយតែម្នាក់ឯងរួចលូកយកលុយបានមួយក្ដាប់រត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកថាចោរៗ ផ្អើលអ្នកជិតខាងនាំគ្នាជួយដេញតាមវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ ហេតុការណនេះបានកើតឡើងកាលពីម៉ោង០៣នឹង៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង ផ្ទះលេខ១៩E ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ជនសង្ស័យឈ្មោះ រ៉ា ណិត អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណទេ ស្នាក់នៅផ្ទះកើតហេតុ បើតាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់អង្គុយលក់ដូរឥវ៉ាន់ចាប់ហួយនៅមុខផ្ទះរបស់គាត់(កន្លែងកើតហេតុ)ដូចសព្វដង លុះយប់ជ្រៅបន្តិចក៏មានជនសង្ស័យមិនដឹងដើរមកពីណាទេ បានមកអង្គុយសំកុក ក្បែរកន្លែងគាត់លក់ ដោយមានអាការៈគួរអោយសង្ស័យ ព្រោះរូបគាត់ឃើញជនសង្ស័យចេះតែក្រឡេកមើលឆ្វេងមើលស្ដាំ សំឡឹងរកមើលអ្វីផ្សេងៗក្នុងផ្ទះរបស់គាត់ ហើយគាត់ក៏សួរថា រកអ្វីដែល ជនសង្ស័យក៏ឆ្លើយប្រាប់ថា ចាំលក់ទូរស័ព្ទ (អ៉ិនចុចពិល) តែអ្នកទិញមិនទាន់មកយក ហើយយកមកបង្ហាញគាត់ផងដែរ រួចគាត់ប្រាប់អោយជនសង្ស័យដើរទៅអង្គុយចាំកន្លែងផ្សេងឆ្ងាយពីកន្លែងគាត់លក់ដូរបន្តិចទៅ ។ក្រោយមក ជនសង្ស័យក៏បានដើរទៅវិញទៅមក ងើបអង្គុយចុះឡើងៗរហូតមកដល់ម៉ោងកើតហេតុ នៅមុខផ្ទះគាត់មានសភាពស្ងាត់ទើបជាឱកាសរបស់ជនសង្ស័យ បានស្ទុះចូលទៅចាប់ច្របាច់កស្ត្រីអ្នកលក់ចាប់ហួយនោះ រួចលូកហោប៉ៅ ពេលនោះស្ត្រីរងគ្រោះ បានប្រតាយប្រតប់ និងស្រែកឲ្យគេជួយ ទើបជនសង្ស័យយកលុយបានមួយក្ដាប់(មិនដឹងចំនួន) ក៏ស្ទុះរត់គេចខ្លួន ទើបផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាចេញជួយដេញតាមចាប់ជនសង្ស័យផងដែរ តែជនសង្ស័យបានរត់ពួនកន្លែងងងឹតមួយកន្លែង នៅតាមផ្លូវ២៣០ ជិតរបងម៉ុងឌីយ៉ាល់ បាត់មួយសន្ទុះ តែចៃដន្យត្រូវបានអ្នកជិតខាងត្រលប់មកវិញប្រទះឃើញ ក៏នាំគ្នាឡោមព័ទ្ធចាប់បាន វាយម្នាក់មួយដៃម្នាក់មួយជើង ទើបនាំគ្នាររាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍ផ្សារដើមគរ ចុះមកយកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ផេង ភាព