អ្នកទោសជាប់ឃុំ នៅពន្ធនាគារខេត្តព្រះវិហារ ១៤៧នាក់ បានឆ្លងរាលដាលនូវករណីជំងឺគ្រុនផ្តាសាយធំប្រភេទ (Influenza A) ដោយការឆ្លង បានកើតឡើងទៅលើមនុស្សពីម្នាក់ទៅម្នាក់ ដែលមិនបានធ្វើការការពារ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីបណ្ឌិត ឱ វណ្ណឌីន បានចាត់វិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះ ក្នុងការព្យាបាលអ្នកទោសដែលកំពុងផ្ទុកនូវវីរុសប្រភេទនេះ និងអ្នកដែលមិនទាន់ឆ្លងជំងឺនេះ ព្រមទាំងអ្នកដែលស្ថិតនៅក្នុងការសង្ស័យ ដែលអាចកើតមានជំងឺប្រភេទនេះ ឬជំងឺកូវីដ១៩ផងដែរ។
ករណីផ្ទុះជំងឺនេះ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ គឺត្រូវបានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ដោយក្រសួងសុខាភិបាល បានទទួលព័ត៌មាន ពីហេតុការណ៍និងករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់ ដែលបានកើតឡើង លើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។
ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាល ខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺនេះ គឺត្រូវបានធ្វើការបែងចែកចេញទៅតាមក្រុមផ្សេងៗគ្នាផងដែរ។
អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ រីឯអ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និងអ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។
ជាមួយគ្នាផងដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបាន ពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា ករណីអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។
ជាវិធានការឆ្លើយតបបន្ទាន់ ក្រសួងសុខាភិបាល បានចាត់ក្រុមការងារ ដើម្បីធ្វើការអប់រំពីបញ្ហាសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។
បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
ជាមួយនិងវិធានការដ៏ប្រសើរនេះ ក្រសួងសុខាភិបាលក៏ស្នើឱ្យសាធារណៈជន និងពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕ ដោយ៖ ឃួន លក្ខិណា