Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជ្រុង១នៃព្រេង​និទាន​ដែល​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ជា​រៀង​រាល់​ឆ្នាំ ។ ក្នុង​រយៈពេ​ល​​ភ្ជុំបិណ្ឌ​នេះ​ចាស់​មួយ​ចំនួន​បាន​លះបង់​ផ្ទះសម្បែង កូនចៅ​ទៅ​ស្នាក់​នៅ​ឯ​វត្ដ សមាទា​នសីល​៥​ចាំ​សីល​៨ បម្រើ​ព្រះសង្ឃ សម្អាត​ទី​អារាម ។ ចំណែកឯ​ពុទ្ធបរិស័ទ​ចែកវេន​គ្នា​ជា​វេន​បិណ្ឌ​ចំនួន​១៥​ថ្ងៃ ។

ក្នុង​បិណ្ឌ​នីមួយ​ៗ គេ​តែង​ធ្វើ​ដូច​ជា ពេល​យប់​ជួបជុំ​ពុទ្ធបរិស័ទ ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និង​ជូន​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរព​ព្រះ​រតនត្រ័យ និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ដ និង​សម្ដែងធម៌​ទេសនា ។ ពេល​ព្រឹក​ប្រគេន​អាហារ​ចំពោះ​ព្រះសង្ឃ​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ បុព្វការី​ជន ដែល​ធ្វើ​មរណកាល​ទៅ​ហើយភ្ជុំបិណ្ឌ​ជា​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​ជា​ប្រពៃណី​ធំ​ជាងគេ​របស់​ខ្មែរ មាន​លក្ខណៈ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស ញាតិសន្ដាន​ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់​ដែល​នៅ​ទី​ឆ្ងាយ​ៗ ។

យោង​តាម​ឯកសារ​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​បាន​សរសេរ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងព្រេង​និទាន ។ រឿងព្រេង​តំណាល​ថា មាន​ឈ្មួញ​សំពៅ​៥០០ ធ្វើ​ដំណើរ​ចេញ​ទៅ​ជួញ​តាម​សមុទ្រ ។ លុះ​ទៅ​ដល់​កោះ​មួយ​នោះ​ជួន​ជា​ល្ងាច និង​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ក៏​ស្ទើរ ទើប​នាំ​គ្នា​ចូល​ចត​សំពៅ​នៅ​ទីនោះ ។ កោះ​នោះ​ជា​កោះដាច់​ស្រយាល​ឥត​មាន​មនុស្ស​នៅទេ ហើយ​ពេល​យប់​តែងតែមាន​ពួក​ប្រេត​នាំ​គ្នា​ដើរទៅ​រកស៊ី ។ ពួក​ប្រេត​ទាំងនោះ លុះ​ដើរ​ក្រវែល​រក​អាហារ​ឃើញ​មនុស្ស​ដេក​ក្នុង​សំពៅ​ក៏​ចាប់​មនុស្ស​កំពុង​ដេក​លក់​យក​ទៅ​ឱ្យ​ចៅហ្វាយ​ខ្លះ គិត​នឹង​ហែក​ស៊ី​ខ្លះ ។ ពួក​មនុស្ស​ដេក​លក់​ដោយសារ​ឮ​សំឡេង​ប្រេត​និយាយ​គ្នា ក៏​ភ្ញាក់​ឡើង​ភ័យ​ស្លុត យំសោក​ទ្រហឹង ខំ​អង្វរករ​ដូច​ម្តេច​ក៏​ពួក​ប្រេត​ពុំ​ព្រម ហើយ​គិតតែ​ពី​ចាប់​នាំ​ទៅ​ប្រគល់​ឱ្យ​ចៅហ្វាយនាយ ។

សម្រែក​យំសោក​បណ្តាល​ឱ្យ​ផ្អើល​មនុស្ស​អស់ទាំង​៥០០​សំពៅ ។ ពេល​នោះ​នាយសំពៅ​ម្នាក់​ជា​អ្នក​ឈ្លាសវៃ​នឹកឃើញ​ថា «​បើ​ទោះជា​ត្រូវ​ស្លាប់​ក៏​ត្រូវ​តែ​ហ៊ាន​ប្រថុយ​និយាយ​តវ៉ា​ឱ្យ​អស់ចិត្ត​សិន មិន​ត្រូវ​ឱ្យ​គេ​ផ្តាច់ជីវិត ទទេ​ៗ​ឡើយ​» ។ គិត​ហើយ នាយសំពៅ​ក៏​តាំងស្មារតី​អង់​អាច​និយាយ​ទៅ​កាន់​ស្តេច​ប្រេត សូម​ឱ្យ​លែង​ពួក​ខ្លួន តែ​ស្តេច​ប្រេត​ឆ្លើយ​ថា «​យើង​នឹង​លែង​ពួក​ឯង​ទៅ​វិញ​មិន​បាន​ទេ ព្រោះ​ពួក​យើង​ស្រេកឃ្លាន​ណាស់ បើ​លែង​ពួក​អ្នកឯង​ទៅ មិនដឹង​ជា​កាលណា​នឹង​បាន​ទៀត​ទេ ពួក​យើង​ខ្សត់​អាហារ​ណាស់ !» ។

ឮ​ដូចនេះ​នាយសំពៅ​អង្វរ​ថា​៖ «​សុំ​លោក​លែង​ពួក​យើង​ទាំងអស់​វិញ​ចុះ យើង​សន្យា​ថា នឹង​ទទួល​រក​អាហារ​ជូន​លោក​រាល់​ឆ្នាំ លុះត្រាតែ​អស់​ជីវិត បើ​លោក​ពិសា​យើង​ទៅ​នោះ លោក​បាន​ឆ្អែត​តែ​មួយ​គ្រា​ប៉ុណ្ណោះ អំណើះ​តទៅ​លោក​នឹង​ត្រូវ​អត់ឃ្លាន​ទៀត ។ បើ​ពួក​យើង​ស​ន្យា​នឹង​លោក​យ៉ាងនេះ តើ​លោក​យក​ផ្លូវ​ណា ? លោក​សុខចិត្ត​ពិសា​រូបយើង​ឱ្យ​បាន​តែ​មួយ​ចម្អែត ឬ​ក៏​សុខចិត្ត​ទុក​ជីវិត​ពួក​យើង​ដើម្បី​ឱ្យទៅ​រក​អាហារ​ជូន​លោក​វិញ ?​» ។

ពួក​ប្រេត​ឮ​សំណើ​នៃ​នាយសំពៅ​ដូច្នេះ ក៏​គិត​គ្នា​មួយសន្ទុះ ទើប​ព្រម​ដោះ​លែង​ពួក​ឈ្មួញ ហើយ​ផ្តាំផ្ញើ​ថា «​កាលបើ​ពួក​អ្នក​បាន​ទៅ​ដល់​ស្រុក​ទេស​ខ្លួន​ហើយ កាលណា​មាន​ខ្យល់ជំនោរ​ធ្លាក់​មក​ពី​ទិស​ខាងជើង អ្នក​ទាំងអស់​គ្នា​ត្រូវធ្វើ​ក្បូន​ផ្ទុក​ធញ្ញជាតិ និង​អាហារ​គ្រប់យ៉ាង មាន​លាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែត​តាម​ខ្សែទឹក​មក​ឱ្យ​យើង​ចុះ មិនបាច់​នាំ​មក​ផ្ទាល់​ទេ ជំនោរ​ខ្យល់​នឹង​បញ្ជូន​មក​ដល់​យើង​ហើយ​» ។

ឮ​តែ​ប៉ុណ្ណេះ ពួក​អ្នក​សំពៅ​ត្រេកអរ​រក​អ្វី​ប្រៀប​ពុំ​បាន ហើយ​ក៏​នាំ​គ្នា​ចុះ​សំពៅយ៉ាងខ្ញៀវខ្ញារ​បើក​ចេញ​ផុត​ពី​នោះ​យ៉ាង​ប្រញាប់ ។ លុះ​ទៅ​ដល់​ភូមិ​ស្រុក​ជួបជុំ​គ្រួសារ​ហើយ​ត្រូវ​នឹង​ពេល​ជិត​ដល់​រដូវ​ភ្ជុំ​ដែល​ទឹក​ឡើងជា​លំដាប់​ផង អ្នក​ដែល​បាន​សន្យា​នឹង​ប្រេត​ទាំងនោះ​ក៏​នាំ​គ្នា​ធ្វើ​នំនែក រក​ចេក​អំពៅ លាជ ស្រូវ អង្ករ ផ្លែ​ឈើ ដែល​មាន​ក្នុង​រដូវ​នោះ​ធ្វើ​ពោងពាយ ហើយ​ដាក់​បណ្តែត​បញ្ជូន​ទៅ​ឱ្យ​ប្រេត​តាម​ខ្សែទឹក​រាល់​ឆ្នាំ ។

មនុស្ស​ជាន់​ដើម​កាន់​ពាក្យ​សច្ចៈ​ល្អ​ណាស់ បើ​និយាយ​សន្យា​ថា​ដូច​ម្តេច​ហើយ មិន​ហ៊ាន​បំពាន​ទេ ។ ចំណេរ​តម​ក អ្នកស្រុក​ក៏​នាំ​គ្នា​ធ្វើ​ត​ៗ​មក ទៅ​ជា​ទំនៀមទម្លាប់​ដោយ​យល់​ថា «​ធ្វើបុណ្យ​បណ្តែត​ស្រូវ​អង្ករ​ទៅ​ឱ្យ​ដូនតា ដែល​ទៅ​កើតជា​ប្រេត ស្ថិត​នៅ​ឯ​ស្រុក​ទន្លេ​ស្ងួត ក​ន្តួ​ត​មួយ​ដើម​» នោះ​វិញ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9656171