ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីករណីជាសះស្បើយនូវវីរុសកូវីដ១៩ សម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងខាងក្រោមនេះបានឱ្យដឹងថា ករណីជាសះស្បើយ៥នាក់នេះ គឺមានជនជាតិខ្មែរអាយុ២៦ឆ្នាំ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី។ រីឯបុរស៤នាក់ទៀត គឺជាជនជាតិចិន ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីនមកកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាត ឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនអ្នកព្យាបាលជាសះស្បើយសរុប ទូទាំងប្រទេសមានចំនួន២៧១នាក់ ស្មើនឹង៩៨,៩១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។ នៅក្នុងចំនួននេះមានស្រ្តី៥៤នាក់ និងបុរស២១៧នាក់។
ចំពោះអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុបចំនួន២៧៤នាក់ ស្រ្តី៥៤នាក់ និងបុរស២២០នាក់។ រីឯ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន៣នាក់។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១នាក់ (ជាបុរស) នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន២នាក់ (ជាបុរស) ៕ ដោយ៖ ឃួន លក្ខិណា