ខ្ញុំមិនយល់ថាគាត់គិតអ្វីមកលើខ្ញុំទេ តែវាប្រាកដជាក់ច្បាស់ថាទង្វើទាំងនេះធ្វើឱ្យរំខានដល់ចិត្តខ្ញុំយ៉ាងខ្លាំង។ វាបានកើតឡើងកាលពីដើមឆ្នាំសិក្សាក្នុងឆ្នាំ 2015 ដែលខ្ញុំជាសិស្សស្រីអាយុ16 ឆ្នាំ រៀនទី 10 នៅវិទ្យាល័យមួយក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខ្ញុំមានរូបរាងសមសួននឹងគេ បើខ្ញុំដឹងខ្លួនឯងថា មានបុរសជាច្រើនមិនថាមិត្តរួមថ្នាក់ ឬមិត្តរួមសាលាតែងតែញ៉ែញ៉ងខ្ញុំជានិច្ច តែគ្រួសាររបស់ខ្ញុំជាមនុស្សប្រកាន់ប្រពៃណីខ្លាំងណាស់ ជាពិសេសព្រោះតែខ្ញុំស្ថិតក្នុងវ័យសិក្សាផង គឺគាត់ផ្ដោតឱ្យខ្ញុំរៀនសូត្របានជ្រៅជ្រះមិនឱ្យប្រឡូកក្នុងរឿងស្នេហាទេ ហើយប្រសិនបើគាត់ដឹងថាមានទាក់ទងស្នេហាជាមួយប្រុសណាម្នាក់ គាត់នឹងដាក់ពិន័យខ្ញុំចាស់ដៃជាមិនខាន។
ក្រោយពីថ្ងៃបើកបវេសនកាល យើងបានចូលរៀន និងស្គាល់មិត្តរួមថ្នាក់ព្រមទាំងលោកគ្រូអ្នកគ្រូឯកទេសមួយចំនួនដែលខ្ញុំកត់សំគាល់ឃើញថា លោកគ្រូរូបវិទ្យា មានអាកប្បកិរិយាចម្លែកជាងគេ ហើយនេះជាលើកទីមួយហើយដែលខ្ញុំបានជួបគាត់ ព្រោះទើបឡើងថ្នាក់ទី 10។ លោកគ្រូហៅឈ្មោះសិស្សឱ្យណែនាំខ្លួនម្ដងម្នាក់ៗ ហើយនៅពេលដែលខ្ញុំឡើងណែនាំខ្លួន គាត់បានបង្ហាញក្រសែភ្នែកយ៉ាងចម្លែកដូចជាចាប់អារម្មណ៍លើខ្ញុំយ៉ាងខ្លាំង ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលទាល់តែសោះ។ ម៉ោងចេញលេងគាត់បានហៅខ្ញុំឲ្យជួបគាត់ ហើយពេលខ្ញុំមកជិតគាត់ គាត់ក៏បានសម្លឹងមុខខ្ញុំរួចនិយាយថាចាប់អារម្មណ៍លើខ្ញុំ។ ខ្ញុំរត់ចេញមកក្រៅទាំងអៀនខ្មាស់ ហើយអារម្មណ៍របស់ខ្ញុំពេលនេះកាន់តែមិនស្រួល និងច្របូកច្របល់ខ្លាំង។
នៅយប់នោះ បន្ទាប់ពីបរិភោគអាហារពេលល្ងាចហើយ ខ្ញុំក៏ចូលគេងតាមធម្មតា។ ម៉ាក់ប៉ារបស់ខ្ញុំបានចេញទៅលេងបងជីដូនមួយរបស់ខ្ញុំដែលទើបតែសម្រាលកូន តែខ្ញុំមិនបានទៅជាមួយទេដោយសារមិនស្រួលខ្លួន។ តែដោយសារតែគេងមិនលក់, ខ្ញុំក៏ទាញទូរសព្ទមកចុចអូសចុះឡើងតាមទម្លាប់។ ស្រាប់តែឃើញសារមួយលើកឡើង ជាសារពីគណនីប្លែកមុខដែលមិនមែនជា friend របស់ខ្ញុំ។ ខ្ញុំចុចចូលមើលហើយឃើញថាជាគណនីលោកគ្រូរូបវិទ្យា គាត់សរសេរក្នុងសារថា គេងឬនៅ?
ខ្ញុំមិនចុចទទួល ហើយបិទទូរសព្ទដេកភ្លាមដោយអារម្មណ៍មិនស្កប់ស្កល់សោះ។ តែរំពេជនោះខ្ញុំស្រាប់តែឮសំឡេងឆ្កែព្រុះនៅរបងផ្ទះ។ ខ្ញុំអើតមើលតាមបង្អួចស្រាប់តែឃើញស្រមោលស្ទុងៗនៅនឹងរបង ហើយឆ្កែនៅតែរបស់ខ្ញុំបន្តព្រុសយ៉ាងខ្លាំង។ ខ្ញុំខ្លាចខ្លាំងណាស់ ក៏ប្រញាប់បិទវាំងននបង្អួចហើយឡើងមកគេងលើគ្រែវិញដោយភ័យខ្លាច។
មួយសន្ទុះ គ្រប់យ៉ាងក្លាយជាស្ងប់ស្ងាត់ឡើងវិញខ្ញុំក៏មានថាអារម្មណ៍ថាធូរទ្រូងឈប់ភ័យខ្លាចបន្តិច ហើយពេលខ្ញុំបើកវាំងននអើតមើលទៅរបងក៏មិនឃើញស្រមោលនរណាម្នាក់នោះទៀតដែរ។ តែភ្លាមនោះស្រាប់តែមានអ្វីម្យ៉ាងគ្រវែងគប់មកតាមបង្អួចកញ្ចក់បណ្ដាលឱ្យបែកប្រាវ ហើយវត្ថុរាវបាចសាចមកចំខ្លួនរបស់ខ្ញុំ។ ខ្ញុំបើកភ្លើងបន្ទប់ហើយឃើញថា វាគឺជាសពឆ្កែរបស់ខ្ញុំដែលត្រូវណាម្នាក់អារកឈាមហូរកក្លាក់។ ខ្ញុំភ័យរន្ធត់ខ្លាំងណាស់ ហើយមិនដឹងធ្វើអ្វីទេ ប៉ុន្តែពេលនេះត្រូវតែយករួចជីវិតសិន។ ភ្លាមនោះខ្ញុំស្រាប់តែឡើងតាមបង្អួចកញ្ចក់បែកនោះហើយបម្រុងចូលមកសង្គ្រប់ខ្ញុំ។ ខ្ញុំប្រញាប់បើកទ្វារបន្ទប់ហើយចុះទៅក្រោម តែម្នាក់នោះក៏រត់តាមខ្ញុំយ៉ាងប្រកិតដែរ។ ខ្ញុំរត់ចូលទៅក្នុងផ្ទះបាយហើយគាត់ម្នាក់នោះក៏ចាប់ទាញសក់របស់ខ្ញុំមួយទំហឹងបណ្ដាលឲ្យខ្ញុំមានអារម្មណ៍ថាឈឺលលាដ៍ក្បាលយ៉ាងខ្លាំង។ ខ្ញុំចាប់ទាញកាំបិតនៅក្នុងរាវចានហើយកាប់ទៅលើដៃបុរសម្នាក់នោះ ទើបគាត់លែងសក់ក្បាលខ្ញុំវិញ។ ខ្ញុំប្រញាប់រត់ចេញពីផ្ទះ ហើយនៅខាងក្រៅមេឃក៏ងងឹត តែខ្ញុំមិនខ្វល់ទេ ធ្វើយ៉ាងណារត់គេចពីបុរសដ៏គ្រោះថ្នាក់ម្នាក់នេះ។ វាគឺជារាត្រីដ៏មហាសែនរន្ធត់និងគ្រោះថ្នាក់បំផុតដែលខ្ញុំមិនដែលបានជួបពីមុនមក។ នៅរាត្រីនោះ, ពេលខ្ញុំចេញទៅក្រៅ ខ្ញុំបានរត់តម្រង់ទៅផ្ទះរបស់មិត្តខ្ញុំដែលនៅជិតនេះ ហើយឪពុកម្ដាយរបស់គេចេញមកទទួលដោយព្រួយបារម្ភ។ ក្រោយពីខ្ញុំរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ពួកគាត់, ពួកគាត់ក៏បានទាក់ទងទៅម៉ាក់ប៉ារបស់ខ្ញុំឱ្យត្រឡប់មកវិញភ្លាមៗ ហើយយើងក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីស។ បុរសម្នាក់នោះបានរត់គេចខ្លួនបាត់ហើយអត្តសញ្ញាណរបស់គាត់ក៏មិនដែលឃើញដែរ។
វាជាហេតុការណ៍ដ៏អាក្រក់ដែលខ្ញុំនៅតែចងចាំមិនអាចបំភ្លេចបានហើយពេលដែលខ្ញុំត្រឡប់ទៅរៀនវិញ ខ្ញុំបានកត់សម្គាល់ឃើញថា ដៃរបស់លោកគ្រូរូបវិទ្យា មានស្នាមមុតដូចគ្នានឹងកន្លែងដែលខ្ញុំបានកាប់បុរសបិទមុខម្នាក់នោះកាលពីរាត្រីនោះ ធ្វើឱ្យខ្ញុំមានការសង្ស័យយ៉ាងចម្លែក។ ពេលធ្វើលំហាត់ ខ្ញុំមិនហ៊ានយកសៀវភៅទៅដាក់កែ ក៏ពឹងឱ្យមិត្តយកទៅដាក់កែឱ្យផង។ ក្រោយពេលចេញពីរៀនខ្ញុំប្រញាប់ត្រឡប់មកផ្ទះវិញទាំងអារម្មណ៍មិនស្រួល និងភ័យ។ តេមកដល់ផ្ទះខ្ញុំបើកសៀវភៅមើលពិន្ទុហើយអ្វីដែលខ្ញុំរន្ធត់បំផុតនោះ នៅលើក្រដាសសៀវភៅរបស់ខ្ញុំមានសរសេរអក្សរប៊ិកក្រហមថា «កុំសង្ឃឹមថាអាចរត់គេចពីយើងឱ្យសោះ»៕