សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១កញ្ញាបានទៅកាន់ទីក្រុងKENOSHAរដ្ឋវីស្កុនស៊ីន ដើម្បីប៉ុនប៉ងសម្រាលភាពតានតឹង។ នៅទីនោះលោកត្រាំបានលើកឡើងថា អ្វីដែលបានកើតមានបណ្ដាលមកពីភេរវកម្មផ្ទៃក្នុង។ នោះពុំមែនជាអំពើរបស់ពួកបាតុករ តែពិតណាស់ដោយសារភេរវកម្មផ្ទៃក្នុង។ លោកចង់និយាយយោងដល់បណ្ដាអំពើបំផ្លិចបំផ្លាញ ហាងទំនិញនានាឬការគប់ដុំថ្មលើប៉ូលិស។
ទីក្រុងមានប្រជាជន១០០.០០០នាក់នោះស្ថិតនៅជិតបឹងGRANDS LACS មានស្នាមរបួសដោយសារតែប៉ូលិសស្បែកសម្នាក់កាលពីថ្ងៃទី២៣សីហា បានបាញ់បុរសស្បែកខ្មៅម្នាក់ជាច្រើនគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ ក្នុងស្ថានភាពដែលកំពុងតានតឹងបំផុត យុវជនអាយុ១៧ឆ្នាំំម្នាក់ ជាអ្នកគាំទ្រលោកត្រាំបានបាញ់សម្លាប់បាតុករ២នាក់ ដោយកាំភ្លើងស្វ័យប្រវត្តិ។ ដោយមិនចេញស្ដីមួយម៉ាត់ពីរឿងនោះ លោកត្រាំបានរិះគន់វោហារសាសន៍ប្រឆាំងប៉ូលិស ដែលលោកថាអយុត្តិធម៌កំពុងកើតមាន ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ លោកGEORGE FLOYD ដោយសារប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់កគេរហូតដល់ដាច់ខ្យល់ កាលពីថ្ងៃទី២៥ឧសភា ដែលនាំឲ្យកើតមានចលនាជាប្រវត្តិសាស្ត្រប្រឆាំងអំពើហិង្សារបស់ប៉ូលិស និងវិសមភាពពូជសាសន៍៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព