សុខភាព៖ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ គួរយល់ដឹងពីរបបអាហារសម្រាប់ទារក ដែលទើបនឹងកើតរហូតដល់អាយុ ១ខួប។
១. តើទារកអាយុពី ០ខែ ដល់ ៦ខែ គួរមានរបបអាហារបែបណា?
ទារកដែលទើបតែកើតមក (អាយុពី ០ខែ ទៅ ៦ខែ) ត្រូវផ្ដល់តែទឹកដោះម្ដាយតែមួយគត់ មិនត្រូវផ្ដល់ទឹក ឬអាហារឱ្យទារកឡើយ ។ ទឹកដោះម្ដាយមានសារធាតុចិញ្ជឹមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទារក ។ ២. តើក្មេងអាយុចន្លោះពី ៦ខែ ដល់២៤ខែ គួរមានរបបអាហាអ្វីខ្លះ?
នៅពេលទារកមានអាយុចន្លោះពី ៦ខែ ដល់២៤ខែ ទឹកដោះម្ដាយនៅតែបន្តផ្ដល់ឱ្យទារកជាចាំបាច់ និងត្រូវផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់បន្ថែមទៀតដល់ទារក ព្រោះវ័យនេះទារកត្រូវការអាហារបន្ថែម ដើម្បីចិញ្ជឹមរាងកាយរបស់ពួកគេដែលកំពុងតែលូតលាស់។
អាហារបន្ថែមចម្រុះសម្រាប់ក្មេងស្ថិតក្នុងវ័យនេះ គឺ បែងចែកជា ៣ ក្រុម រួមមាន ៖
- អាហារថាមពល៖ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។
- អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាងសង់រាងកាយកុមារឱ្យបានធំធាត់។
- អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ៕