ក្លិប Galatasaray មានបំណងចង់ចុះហត្ថលេខាយកអ្នកចាំទី Sergio Rico របស់ក្លិប Sevilla នៅរដូវក្តៅនេះ។
កីឡាករ Sergio Rico ត្រូវបានក្លិប Sevilla ដាក់ឱ្យ Paris Saint-Germain ខ្ចីជើងមួយរដូវកាល ហើយនឹងផុតកុងត្រានៅចុងខែមិថុនានេះ បន្ទាប់មករូបគេនឹងត្រឡប់ទៅរកទ្រនំចាស់វិញ។ ស្របពេលជាមួយគ្នានេះ Galatasaray បានត្រៀមដាក់សំណើចុះហត្ថលេខាយក Rico ទៅជំនួសអ្នកចាំទី Fernando Muslera ដែលកំពុងមានបញ្ហារបួសបាក់ជើងខាងស្តាំនៅក្នុងអំឡុងខែនេះ ដោយត្រូវការរយៈពេលសម្រាកព្យាបាលយូរ ម្ល៉ោះហើយទើបក្លិបស្វះស្វែងរកអ្នកជំនួស (នេះបើយោងតាមការអះអាងរបស់កាសែតអេស្ប៉ាញ Mundo Deportivo)។
ក្រោយផ្ទេរទៅលេងនៅបារាំងជាមួយក្លិប PSG ជិតមួយរដូវកាលកន្លងទៅ អ្នកចាំទីសញ្ញាតិអេស្ប៉ាញវ័យ២៦ឆ្នាំរូបនេះ មានឱកាសបង្ហាញខ្លួនបានត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Ligue 1៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana