វិស័យមីក្រូហិរញ្ញវត្ថុមានសញ្ញាវិជ្ជមានឡើងវិញ ខណៈកូវីដ១៩ ជារបាំងរាំងខ្ទុបការលូតលាស់អាជីវកម្ម
រាជធានីភ្នំពេញ ៖ បន្ទាប់ពីរងវិបត្តិអស់រយៈពេល៥ ឬ៦ខែ ដោយសារតែជំងឺកូវីដ-១៩កន្លងទៅនេះ និយាយដោយឡែកសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានអ្នកជំនាញធ្វើការអង្កេត ឬតាមដានឈានទៅដល់ធ្វើការកំណត់សញ្ញាវិជ្ជមាននៃការងើបវិញសន្សឹមៗចាប់ពីខែកក្កដា ហើយរំពឹងថា អាចនឹងដំណើរជាធម្មតាឡើងវិញ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ បើសិនមិនមានការរីករាលនៃជំងឺកូវីដ-១៩ កើនវិញ ឬឆ្លងចូលទៅដល់សហគមន៍ ។
ទន្ទឹមវិស័យខាងលើនេះ ចាប់ផ្តើមងើបឡើងវិញសន្សឹមៗជំងឺកូវីដ-១៩នៅតែបន្តជាបញ្ហាចោទ ឬជារបាំងរាំងខ្ទុបដល់ការរីកលូតលាស់ដល់អាជីវកម្មតូច-ធំហើយអាជីវកម្មខ្លះផ្សេងទៀត កំពុងត្រូវការកម្ចីដែលមានអត្រាការប្រាក់ទាបយកទៅទ្រទ្រង់អាជីវកម្មរបស់ខ្លួន ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា ចាប់ពីខែកក្កដា មកយើងសង្កេតឃើញវិស័យមីក្រូហិរញ្ញវត្ថុហាក់ដំណើរការប្រសើឡើងវិញច្រើនហើយ ការសុំធ្វើឥណទានឡើងវិញពីអតិថិជនរបស់យើងមានការធ្លាក់ចុះដោយសារស្ថានភាពសងប្រាក់ត្រលប់របស់គាត់មានភាពប្រសើ ហើយគាត់ក៏ចាប់ផ្តើមធ្វើមុខរបរក្រោមការឱ្យបើកឡើងវិញពីរាជរដ្ឋាភិបាល។ លោកបន្តថា «បើសិនការគ្រប់គ្រងបញ្ហាជំងឺកូវីដ-១៩ នេះយើងនូវតែបន្តគ្រប់គ្រងបានល្អ ដោយយើងសង្ឃឹមថាដល់ពេលចុងឆ្នាំ២០២០ឬដើមឆ្នាំក្រោយនេះ វិស័យមីក្រូហិរញ្ញវត្ថុនឹងដំណើរជាធម្មតាឡើងវិញ។ នេះជាក្តីសង្ឃឹមរបស់យើង ។ យើងសង្ឃឹមថា រាជរដ្ឋាភិបាល និងបន្តការគ្រប់គ្រងបញ្ហាជំងឺកូវីដ-១៩កុំឱ្យមានការរីករាលដាល ហើយអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ អីចឹងនៅចុងឆ្នាំឬដើមឆ្នាំ២០២១អ្វីៗនិងវិលមកសភាពដូចដើម»។
លោកនាយកប្រតិបត្តិសង្កត់ធ្ងន់ថា«បើយើងមើលទៅទំនោតម្រូវការឥណទានក៏ដូចជាការផ្តល់ឥណទានជូនអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលហាក់វិលមកភាពប្រក្រតីឡើងវិញតាំងពីខែកក្កដាមកនេះ ។ យើងឃើញសញ្ញានេះល្អប្រសើច្រើន ចង់ត្រលប់ទៅរកសភាពធម្មតាវិញបើប្រៀបធៀបទៅស្ថានភាពឆ្នាំមុននៃការផ្តល់ឥណទានដែលផ្តល់ដោយគ្រឹះស្ថានទៅដល់អតិថិជនហើយតម្រូវាការរបស់អតិថិជនចំពោះប្រាក់កម្ចី។ អីចឹងវាជាសញ្ញាល្អសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុរបស់យើង»។ លោកបន្តថា«សមាគមយើងមានសុទិដ្ឋិនិយម ចំពោះការងើបឡើងវិញនឹងបន្តវិលត្រលប់ភាពប្រក្រតីឡើងវិញនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលនៅពេលដ៏ខ្លី»។ បើតាមអ្នកជំនាញរូបនេះ ក្នុងដំណាក់កាលនៃវិស័យមីក្រូហិរញ្ញវត្ថុជួបវិបត្តិ ឬបានឆ្លងកាត់ការលំបាករួមគ្នាជាមួយអតិថិជនវាបទពិសោធន៍នេះបានបង្រៀនឱ្យយើងមានភាពរឹងមាំជាមុន ទាំងគ្រឹះស្ថាននិងអតិថិជនដើម្បីភាពរីកចម្រើនរួមគ្នាទៅថ្ងៃខាងមុខ។ ទោះបីវិស័យមីក្រូហិរញ្ញវត្ថុត្រូវបានអ្នកជំនាញធ្វើការប៉ាន់ប្រមាណថាចាប់ងើបឡើងវិញសន្សឹមៗឈានទៅរកស្ថានភាពធម្មតាដូចដើមមុននិងមិនទាន់ការកើតជំងឺកូវីដ១៩នៅកម្ពុជាក៏ដោយតែ ស្ថិតក្នុងកាលៈទេសៈសម្រាប់អ្នកប្រកមមុខរបរអាជីកម្មគ្មានផ្សេងកំពុងត្រូវការប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបពីរាជរដ្ឋាភិបាលរហូតដល់៨០លានដុល្លារអាមេរិកសម្រាប់ទប់ទល់នៅក្នុងអាជីវកម្មរបស់ខ្លួន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា«ក្នុងបរិបទនេះរាជរដ្ឋាភិបាលគួរតែមានថវិកាមួយចំនួនចែករំលែកមកដល់ខាងក្រុមហ៊ុនទេសចរណ៍ ដើម្បីឱ្យពួកគាត់បានកម្ចីក្នុងអត្រាការប្រាក់ទាប ព្រោះប្រទេសជិតខាងមួយចំនួនគេបានធ្វើរួចទៅហើយ ។ ក្រុមហ៊ុនទេសចរណ៍ត្រូវរក្សាពួកគាត់ឱ្យនៅ ព្រោះពួកគាត់ជាអ្នកដែលមានឥទ្ធិពលក្នុងការបង្កើតជាកញ្ចប់ទស្សនៈកិច្ច ហើយនិងការផ្សព្វផ្សាយទេសចរពីខាងក្រៅប្រទេសចូលមកកាន់កម្ពុជា។ ពួកគាត់ជាអ្នករចនានៅខ្សែទស្សនៈកិច្ចផ្សេងៗ អីចឹងយើងត្រូវរក្សាពួកគាត់ទុក កុំឱ្យពួកគាត់ងាកទៅរកមុខរបរផ្សេងទាន់»។ លោកស្រី សង្កត់ធ្ងន់ថា« ក្នុងន័យនេះខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាល ជួយចែករំលែកកម្ចប់ថវិកាមួយចំណែកណាខ្លះដើម្បីឱ្យកម្ចីមកដល់ក្រុមហ៊ុនទេសចរណ៍ អាចដោះស្រាយឬទប់ទល់ដើម្បីដោះស្រាយបញ្ហាបានមួយរយៈ។ថវិកាដែលធ្លាប់ព្យាករណ៍ឬបានធ្វើការប៉ាន់ប្រមាណមានទំហំ៨០លានដុល្លារអាមេរិកខ្ចីក្នុងរយៈពេល២ឆ្នាំ»។ យោងតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ចំនួនជាង ២,១លាននាក់ និងមានឥណទានសរុប ជាង៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង ២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ១៥ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបនិងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ៣៦,០៨៩ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព