រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីចាស់វស្សាមួយរូប ដែលនៅតែមានប្រជាប្រិយភាពដល់បច្ចុប្បន្ននេះ អ្នកនាង សូដា នីតា មិនដឹងជា មានរឿងអ្វី ឬពើបប្រទះបញ្ហាអ្វីនោះទេស្រាប់តែសុខៗនាងបានប្រកាសលែងទទួលថតរឿងមួយភ្លាមៗ បង្កជាចម្ងល់ដល់មហាជន និងអ្នកសិល្បៈដូចគ្នាថា តើនាងជួបរឿងធ្ងន់ធ្ងរអ្វីបានជាធ្វើបែបនេះ ។
កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ដែលឈរជើងនៅក្នុងសិល្បៈអស់រយៈពេល១៥ឆ្នាំ និងមានសម្រស់ស្រស់សោភា ដងខ្លួនស្រឡូន ខ្ពស់ស្រឡះ និងមានសាច់ស.ខ្ចី រលោងបានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងរិះគន់ទៅលើផលិតកម្មមួយដែលបានហៅនាងថតរឿង ប៉ុន្តែគ្រប់ខោអាវដែលត្រូវថតតម្រូវអោយតារាស្រីរូបនេះឆ្លងកាត់ការសម្រេចចិត្តពីផលិតកម្មជាមុនសិន ទើបនាងអាចស្លៀកបាន ។
បែបហួសចិត្តខ្លាំងមិនធ្លាប់ជួបពីមុននោះ អ្នកនាង សូដា នីតា បានបង្ហោះសារថាមានខ្លឹមសារថា « ទទួលថតរឿង៣ ជំនាន់មួយរឿង តួឯកស្លូតកាចចងពៀរ តែមិនទទួលថតវិញ ព្រោះផលិតកម្មមួយនោះ (ហៅឱ្យស្លៀកខោអាវថតគ្រប់ជំនាន់ គ្រប់ខោអាវដែលមានថតឆ្លងមេគេសិន) ថត១៥ឆ្នាំ លើកទីមួយហើយ ដែលជួបអ្នកលើសអ៊ីចឹង លើសពេកមិនអាចទទួលថតទេ !!! លុយមួយថ្ងៃ ១៥០ ដុល្លារពិតជាចង់បាន តែបើលើសពេកសុំមិនថត ព្រោះការងារមិនចង់ឱ្យអ្នកណាដាក់គំនាបពេកនោះទេ» ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសាររួចមក សូដា នីតា ហាក់មិនខ្វល់ពីការមិនទទួលថតរឿងមួយនោះ បើទោះបីជាពេលនេះស្ងាត់នៅក្នុងទីផ្សារសិល្បៈខាងសម្តែងមិនសូវមានក៏ដោយ ពីព្រោះតែរូបនាងផ្ទាល់ក៏មានចំណូលក្រៅពីការងារសិល្បៈផងដែរ នោះគឺការងាររកស៊ីតាមអនឡាយរបស់នាង ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានរឿងបែបនេះកើតចំពោះរូបនាងក៏ដោយ ក៏នាងនៅតែមិនទាន់បង្ហើបប្រាប់មហាជនអោយបានដឹង និងបានបញ្ជាក់ប្រាប់ឈ្មោះផលិតកម្មនោះឡើយ ៕ ផ្តល់សីទ្ធដោយ៖កោះសន្តិភាព